លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជួបប្រជុំពិភាក្សា ជាមួយក្រុមការងារក្រុមហ៊ុន ជប៉ុន ដើម្បីស្វែងយល់អំពីការវិនិយោគលើវិស័យអគ្គិសនី និងវិស័យកសិកម្ម នៅខេត្តកោះកុង។
ក្នុងជំនួបនេះដែរ លោកស្រីអភិបាលរងខេត្ត បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកវិនិយោគគិន ដែលបានអញ្ជើញមកវិនិយោគក្នុងខេត្តកោះកុង ហើយខាងក្រុមហ៊ុន ជប៉ុន បានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងដាក់ទុនវិនិយោគលើវិស័យអគ្គិសនី និងហ្គាស ដោយបង្កើតរោងចក្រកែច្នៃសំរាមបំលែងទៅជាអគ្គិសនី និងហ្គាស ហើយកាកសំណល់ ដែលបញ្ចេញពីរោងចក្រនឹងបង្កើតជាជីកសិកម្ម និងចំណីសត្វ ដោយពុំមានការប៉ះពាល់បរិស្ថាន។
ចំពោះគម្រោងវិនិយោគនេះ រដ្ឋបាលខេត្តកោះកុង សូមគាំទ្រនិងលើកទឹកចិត្តឲ្យមានការវិនិយោគ នៅក្នុងខេត្តកោះកុង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍខេត្តក៏ដូចជាប្រទេសកម្ពុជា។
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ March 2, 2023

















