លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីដោះស្រាយបញ្ចប់ករណីវិវាទដីធ្លី រវាងឈ្មោះ ឆាយ មន ជាមួយ ឈ្មោះ សួន តា ដែលមានកម្មវត្ថុដីទំនាស់ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បន្ទាប់ពីការបំពេញនូវនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅរដ្ឋបាលខេត្ត ចំនួន ០៣លើក រួចមកជាលទ្ធផល គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង បានសម្រេច ដូចខាងក្រោម៖
-ការប្តឹងជំទាស់របស់ភាគីឈ្មោះ សួន តា មិនមានប្រសិទ្ធភាព ដោយគ្មានឯកសារបញ្ជាក់ច្បាស់លាស់(ឯកសារភ្ជាប់មកជាមួយជាឯកសារថតចម្លងស-ខ្មៅ មិនអាចយក ជាសំអាងក្នុងការវិនិច្ឆ័យ)។
-ដីទំនាស់ ជាដីកម្មសិទ្ធិរបស់ឈ្មោះ ឆាយ មន (មានឯកសារបញ្ជាក់ត្រឹមត្រូវច្បាស់លាស់ពីអាជ្ញាធរ និងមានសាក្សីចូលរួមបំភ្លឺ)។
-រដ្ឋបាលខេត្ត នឹងធ្វើសេចក្តីជូនដំណឹង ទៅរដ្ឋបាលស្រុកមណ្ឌលសីមា និងមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំនីតិវិធីចុះបញ្ជីដីជូនឈ្មោះ ឆាយ មន ដើម្បីបិទបញ្ចប់នូវករណីទំនាស់ខាងលើ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះផងដែរ លោកអភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ក្នុងការបំពេញនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឈរលើស្មារតីត្រឹមត្រូវយុត្តិធម៌ និងទទួលខុសត្រូវខ្ពស់៕
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ March 2, 2023




