រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្តកោះកុង ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២២-២០២៣

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្តកោះកុង ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២២-២០២៣

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ខ្ញុំសូមសំដែងនូវការនឹករលឹក និងសួរសុខទុក្ខដល់មន្រ្តីអប់រំ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទូទាំងខេត្ត វិស័យឯកជន ក៏ដូចជាអង្គការដៃគូសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្តទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរចំពោះរាល់សមិទ្ធផលការងារដែលលោក លោកស្រីជាមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់ ដែលបានខិតខំជួយអភិវឌ្ឍវិស័យ អប់រំ យុវជន និងកីឡាក្នុងខេត្តកោះកុង។ គោលបំណង និងខ្លឹមសារលទ្ធផលនៃអង្គសន្និបាតដែលបានបង្ហាញយ៉ាងល្អិតល្អន់ដូចមានក្នុងរបាយការណ៍ពិស្ដារស្ដីពីលទ្ធផលការងារអប់រំ យុវជន និងកីឡា ដោយបង្ហាញឱ្យឃើញពីចំណុចខ្លាំង ចំណុចខ្សោយ  ដំណោះស្រាយ សំណូមពរ និងទិសដៅសម្រាប់ឆ្នាំសិក្សាថ្មីទៅលើគ្រប់អនុវិស័យគ្រប់ជំនាញ និងគ្រប់ផ្នែកទាំងអស់ រួមនឹងដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពខ្ពស់លើវិស័យអប់រំ និងវិស័យសុខាភិបាល ដូចនេះទាំងការរៀបចំផែនការហិរញ្ញប្បទាន និងយុទ្ធសាស្ត្រនយោបាយ សុទ្ធតែផ្ដោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស។ជាមួយគ្នានេះដែរ ខ្ញុំក៏បានដឹងដែរថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកមានការប្ដេជ្ញាចិត្តខ្ពស់ និងឆន្ទៈច្បាស់លាស់ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដើម្បីចូលរួមរៀបចំសង្គមកម្ពុជាមួយពោរពេញដោយធនធានមនុស្សពេញលេញ ឈានទៅអភិវឌ្ឍប្រទេសឱ្យស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសជិតខាងក្នុងតំបន់ និងលើឆាកអន្តរជាតិ សំដៅដល់គុណភាពអប់រំតែម្ដង ហើយអាណត្តិនេះទៀតសោត លោកបានដាក់ឈ្មោះឱ្យវិស័យអប់រំថា ជាអាណត្តិសាលារៀន គឺអ្វីៗត្រូវតែរៀបចំ និងប្រព្រឹត្តិទៅនៅសាលារៀនទាំងអស់ មិនត្រូវគិតតែផ្នែករដ្ឋបាលខាងលើនោះទេ។ លោក លោកស្រីជ្រាបហើយថា រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត ក្រុង ស្រុក កំពុងជំរុញលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិយ៉ាងយកចិត្តទុកដាក់បំផុត។ បន្ថែមពីលើនេះ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ជាគណៈអភិបាលខេត្ត ក៏ដូចជាក្រុមប្រឹក្សាខេត្ត នៅតែបន្តយកចិត្តទុកដាក់ និងផ្ដល់អាទិភាព ខ្ពស់លើវិស័យអប់រំ យុវជន និងកីឡា ដោយបានជំរុញឱ្យមានការចូលរួមគ្រប់ចលនា សកម្មភាពរបស់វិស័យអប់រំគ្រប់មូលដ្ឋាន។ ដើម្បីរួមគ្នាពិចារណារកមធ្យោបាយដោះស្រាយ នូវលទ្ធភាពផ្ដល់សេវាអប់រំ នៅតាមសាលារៀនសាធារណៈ និងការអប់រំក្រៅប្រព័ន្ធបានគ្រប់ៗគ្នា ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចែងថា ធានាឱ្យការអប់រំមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និងលើកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាការអភិវឌ្ឍយុវជន និងការលើកកម្ពស់វិស័យកីឡា និងពង្រឹងសមត្ថភាពស្ថាប័នដើម្បីធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់។ ជាការពិតណាស់បើយើងបង្កើនការទទួលខុសត្រូវកាន់តែខ្ពស់ជាងមុននោះសមត្ថភាពផ្ដល់សេវាអប់រំ ក៏កាន់តែទូលំទូលាយ និងមានគុណភាពខ្ពស់ដែរ ដូចដែលលោក លោកស្រី និងអង្គសន្និបាតទាំងមូលពិភាក្សារួចហើយ។ ការបង្កើនស្មារតីទទួលខុសត្រូវភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ លើការងារផ្អែកលើលទ្ធផលនៅគ្រប់កម្រិតថ្នាក់ គឺជាគោលការណ៍គន្លឹះនៃការអនុវត្តកម្មវិធីកំណែទម្រង់របស់យើងដែលជាមធ្យោបាយដ៏ល្អបំផុតនៃការបង្កើនស្មារតីធ្វើការងារជាមួយគ្នាដោយសុខដុមរមនា ដើម្បីការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាឱ្យកាន់តែប្រសើរឡើង។ ដូចដែលយើងបានដឹងហើយថា វិស័យអប់រំមានមុខងារ និងភារកិច្ចក្នុងការដោះស្រាយសំណូមពរនៃការសិក្សាជូនដល់កូនចៅប្រជាពលរដ្ឋទូទៅដោយមិនរើសអើងជាតិសាសន៍ ពណ៌សម្បុរ ភេទ ពិការភាព ជីវភាព ជំនឿសាសនា និងនិន្នាកានយោបាយឡើយ ដើម្បីប្រែកា្លយពលរដ្ឋគ្រប់រូបទៅជាធនធានមនុស្សពេញលេញ។ បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងលើកស្ទួយវិស័យនេះ ក្នុងគោលបំណង លើកកម្ពស់គុណភាពអប់រំ យុវជន និងកីឡា ឱ្យមានសន្ទុះរីកចម្រើនដូចបណ្ដាប្រទេសជឿនលឿនក្នុងតំបន់ និងលើសកលលោក។ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនមន្ត្រីរាជការ គ្រូបង្រៀន សាស្ត្រាចារ្យ និយោជក និយោជិក កម្មករ និងប្រជាពលរដ្ឋទូទៅ ដោយបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាការបង្កើននូវប្រាក់បៀវត្សជារៀងរាល់ឆ្នាំ ការធានានូវសុខមាលភាព សន្តិសុខ សេដ្ឋកិច្ចសង្គម ជាពិសេសការបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋកម្ពុជាទាំងមូល៕
ថ្ងៃសុក្រ ១២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ March 3, 2023

អត្ថបទទាក់ទង