រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត អភិបាល​រង នៃគណៈអភិបាលខេត្ត​កោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ នៅស្រុកកោះកុង

លោកស្រី អ៉ី នារីនេត អភិបាល​រង នៃគណៈអភិបាលខេត្ត​កោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ នៅស្រុកកោះកុង ។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជាយើងទាំងមូល ដោយការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាព នយោបាយ គឺជាកត្តាសំខាន់ដ៏ចាំបាច់បំផុត និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើ គ្រប់វិស័យ និងធានាបាននូវសុខុមាលភាព និងការរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនា គឺបានមកពីមានសុខសន្តិភាពពេញលេញ បើគ្មានសុខសន្តិភាព គឺគ្មានអ្វីគ្រប់យ៉ាង ។ ជាសក្ខីភាពជាង ២៥ឆ្នាំមក នេះ ការទទួលបាននូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសកម្ពុជា គឺអាស្រ័យដោយគោល នយោបាយ «ឈ្នះ-ឈ្នះ» ។ កន្លងមកប្រទេសកម្ពុជា ជាប្រទេសដែលធ្លាប់បានទទួលរងគ្រោះដោយសារសង្គ្រាមរ៉ាំរ៉ៃជាង៣ឆ្នាំ ៨ខែ ២០ថ្ងៃ ជាវាលពិឃាដដ៍កាចសាហាវ និងចម្ការមីន ឥឡូវនេះបានក្លាយជាប្រទេស ដែលមានសុខសុវត្ថិភាពពេញលេញ ប្រជាជនរស់នៅក្រោមម្លប់សន្តិភាព និងជាតំបន់ទេសចរណ៍លំដាប់សកលលោកប្រកបដោយប្រជាប្រិយភាព និងស្នាមញញឹមរបស់ប្រជាជនគ្រប់ៗរូប។ កម្ពុជាពីមុនជាប្រទេស ដែលធ្លាប់ទទួលបាន ជំនួយកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប៉ុន្តែឥឡូវនេះ បានក្លាយទៅជាប្រទេសមួយដែលកំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងឆាប់រហ័សដោយស្មើសិទ្ធិ និងស្មើភាពក្នុងកិច្ច ការអន្តរជាតិ និងជាប្រទេសមួយក្នុងការបញ្ជូនកងកម្លាំងសន្តិភាពរបស់ខ្លួនទៅ ចូលរួមក្នុងការរក្សា សន្តិភាពនៅប្រទេសផ្សេងៗទៀតផងដែរ។ ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ស្ត្រីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែកនៃកំណើន សេដ្ឋកិច្ច កន្លងមក ហើយបច្ចុប្បន្នស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្តានុពលនៅក្នុងទីផ្សារ សេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភាគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅ និងគ្រួសារមានភាពល្អប្រសើរឡើងផងដែរ។ ស្ត្រីជាកំលាំងចលករ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះនៅតាមមូលដ្ឋាន។ ក្នុងន័យនេះការបន្តរក្សានូវ សុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ៗរូប។
ជាមួយគ្នានេះ នាពេលបច្ចុប្បន្ន ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី គឺ ជាតឹកតាងនៃការឈានដល់យុគសម័យឌីជីថលភាវូបនីយកម្មសកល ដែលកម្ពុជាត្រូវចាប់យកឱ្យខានតែបាន។ ម៉្យាងវិញទៀត ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាត្រូវបានកំណត់ការធ្វើបដិវត្តឧស្សាហកម្មទី៤ ដែលចែងច្បាស់នៅក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥។ នៅក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងផ្ដោតលើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសលើការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាដោយប្រសិទ្ធភាព ការអប់រំចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើបកម្ម វិស្វកម្ម សិល្បៈ ការច្នៃប្រឌិត និងគណិតវិទ្យា (STEAM)។ ដើម្បីឆ្លើយតបនឹងប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគ សម័យឌីជីថល ” នេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាព យេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿន ល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការយកចិត្តទុកដាក់ និងការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព ដើម្បីធានាថាស្ត្រីនិងក្មេងស្រីគ្រប់រូបទទួលបានសមភាពនៅ ក្នុងគ្រប់ការងារទាំងអស់ ទាំងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តនូវសិទ្ធិ ចូលរួមដោយស្មើភាព ជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការរស់នៅក្នុងសង្គម ដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកបដោយសុខុមាលភាពពេញលេញ ។
លោក លោកស្រី នៃអង្គពិធី ទាំងមូល ជាទីគោរព ស្រឡាញ់ ! ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរដល់រដ្ឋបាលស្រុកកោះកុង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានឧបត្ថម្ភគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធ ក្នុងការចូលរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិ ឋានៈ តួនាទីរបស់ស្ត្រី ជាពិសេសខ្ញុំសូមវាយតម្លៃខ្ពស់ និងគាំទ្រ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក គណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ដែលបាននឹងកំពុងខិតខំប្រឹងប្រែង និងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ បរិយាប័ន្ន និងសមធម៌សង្គម ដើម្បីស្រ្តី និងកុមារទទួលបាននូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ តាមរយៈការផ្លាស់ប្តូរឥរិយាបថសង្គមឱ្យទទួលស្គាល់និងចាត់ទុកស្ត្រីជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដោយជួយជំរុញការកសាង និងអភិវឌ្ឍស្ត្រី ក៏ដូចជាការផ្ដល់ឱកាសឱ្យស្ត្រីចូលរួមប្រកបដោយសមភាពគ្រប់ការងារ និងលើគ្រប់វិស័យទាំងអស់។ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាយើង បានបង្កើនចំនួនស្ត្រីឱ្យចូលកាន់តំណែងក្នុង ជួរថ្នាក់ដឹកនាំជាស្ត្រីបានចំនួនកើនឡើងនៅតាមស្ថាបនរដ្ឋ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន និងវិស័យឯកជនមួយចំនួនទៀត មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពក្នុងវិស័យការងារ ។ ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ យើងសង្កេតឃើញថា ស្រ្តីបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ សង្គមជាតិឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងនោះមានវិស័យជាច្រើនបានបង្ហាញអំពីវត្តមានយ៉ាងសកម្មរបស់ស្ត្រី មានដូចជា វិស័យនយោបាយ អប់រំ សុខាភិបាល និងជាពិសេសក្នុងវិស័យការងារ ដែលគ្របដណ្តប់ទៅលើផ្នែកឧស្សាហកម្ម កសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម សេវាកម្ម និងដឹកជញ្ជូនជាដើម។
ជាក់ស្ដែងយើងឃើញថាស្ត្រីកំពុងត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ និងលើកកម្ពស់ដោយផ្តល់នូវ អាទិភាព និងតួនាទីខ្ពស់ៗនៅក្នុងការងារសង្គម និងសេដ្ឋកិច្ចជាតិ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិ ជ្រើសរើសមុខរបរសមស្របទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា។ ក្នុងនោះក៏មានវិធានការទប់ស្កាត់ និងលុបបំបាត់ការរើសអើងលើស្ត្រី រាជរដ្ឋាភិបាល កំពុងបន្តបង្កើនសមាមាត្រ នៃការចូលរួមរបស់ស្ត្រីឱ្យ បានជាអតិបរិមាក្នុងស្ថាប័នជាតិគ្រប់ថ្នាក់ពង្រីកតួនាទីរបស់ស្ត្រីឱ្យចូលរួមកាន់តែសកម្មក្នុងរដ្ឋបាលសាធារណៈ ពង្រឹងការឈរឈ្មោះបោះឆ្នោត នៅតាមបណ្តាភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស ពង្រឹងឱកាសការងារសម្រាប់ស្ត្រី និងការពារសិទ្ធិធ្វើការងាររបស់ស្ត្រី។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តន៍គោលការណ៍ផ្តល់ឥណទាន ខ្នាតតូច និងមធ្យមដល់ស្រ្តី ដើម្បីបង្កើតមុខរបរចិញ្ចឹមជិវិត និងបន្តឱ្យបានខ្ជាប់ខ្ជួននូវការអនុវត្តច្បាប់ ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះដោយផ្តល់នូវកិច្ចការពារស្របច្បាប់ យ៉ាងមានប្រសិទ្ធិភាព និងទាន់ពេលវេលាដល់ជនរងគ្រោះដោយមានការចូលរួមសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធនឹងដៃគូនានា៕
ថ្ងៃពុធ ២ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ March 8, 2023

អត្ថបទទាក់ទង