រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន ក្នុងពិធីប្រកាសឃុំកោះស្តេចអស់មីន

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន ក្នុងពិធីប្រកាសឃុំកោះស្តេចអស់មីន។

ថ្លែងក្នុងពិធីនេះលោកជំទាវ បានមានប្រសាសន៍លើកឡើងថា ថ្ងៃនេះជាថ្ងៃមួយដ៏អធិកអធម ប្រកបដោយក្ដីសោមនស្សរីករាយ ដោយខេត្តកោះកុង មានកិត្តិយសបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឃុំកោះស្តេច ជាឃុំអស់មីន នាឱកាសដ៏ថ្លៃថ្លានេះ ។
ជាបឋមក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន ព្រមទាំងគណៈប្រតិភូអាជ្ញាធរមីនកម្ពុជា ឯកឧត្ដម លោកជំទាវ កម្លាំងប្រតិបត្ដិករបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ ដែលបានផ្ដល់កិត្តិយស អញ្ជើញជាអធិបតី និងចូលរួមអបអរសាទរនៅក្នុងពិធីដ៏មានសារៈសំខាន់ នាថ្ងៃនេះ ដែលបានញ៉ាំងឱ្យអង្គពិធីប្រព្រឹត្តទៅប្រកបដោយភាពឱឡារិកក្រៃលែង។
ក្នុងនាមអាជ្ញាធរដែនដីខេត្ត នាងខ្ញុំពិតជាមានក្ដីរំភើបរីករាយចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នៅថ្ងៃនេះ ដែលនាងខ្ញុំសូមចាត់ទុកជាថ្ងៃប្រវត្ដិសាស្រ្ដដ៏ឧត្តុង្គឧត្តមសម្រាប់ឃុំ កោះស្តេច ស្រុកគិរីសាគរ ខេត្ដកោះកុង ដែលទទួលបានជោគជ័យ ប្រកបដោយមោទកភាព ក្នុងការកម្ចាត់ឃាតករលាក់មុខ ដែលបានលាក់ខ្លួនកប់ក្នុងដីជាង៤០ឆ្នាំ ហើយបានសម្លាប់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យធ្លាក់ខ្លួនពិការ ក្លាយខ្លួនជាស្ដ្រីមេម៉ាយ កុមារកំព្រា ដោយសារតែមរតកសង្រ្គាមដែលបានបន្សល់ទុក គឺគ្រាប់មីននេះឯង។ ជាការពិតណាស់ដូចដែលឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីបានជ្រាបស្រាប់ហើយថា ខេត្ដកោះកុង ក៏ដូចជាបណ្ដាខេត្ដមួយចំនួននៅប៉ែកនារតី ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ជាតំបន់សមរភូមិ ដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីវិបាក នៃសង្គ្រាមរ៉ាំរ៉ៃ ទាំងសង្រ្គាមសម័យសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ ណុល និងសង្រ្គាមសម័យរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីននៅក្រោមដីជាច្រើន ដែលឃាតករលាក់មុខទាំងនេះ នៅតែបន្ដគំរាមកំហែង ដល់អាយុជីវិតប្រជាពលរដ្ឋ ជាពិសេសបានបន្សល់ទុកនូវសោកនាដកម្មយ៉ាងឈឺចាប់ ដល់ក្រុមគ្រួសាររងគ្រោះដែលបាត់បង់អាយុជីវិត ពិការដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ បើយើងក្រឡេកមើលទៅអតីតកាលនៅសម័យសង្គ្រាមចន្លោះឆ្នាំ១៩៦៥-១៩៧៣ ស្ថានភាព នៃការទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាមានទំហំខ្លាំងក្លាណាស់ ប្រមាណជា ២,៨លានតោន ដោយបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ប្រមាណ៥០ម៉ឺននាក់ និងបំផ្លាញភូមិឋាន ផ្ទះសម្បែងប្រជាពលរដ្ឋអស់រាប់ម៉ឺនកន្លែង។ បញ្ហានេះបានក្លាយទៅជាវិនាសកម្មដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា  និយាយជារួម និងសម្រាប់ប្រជាជនខេត្តកោះកុងនិយាយដោយឡែក។ ប៉ុន្តែជាភ័ព្វសំណាងណាស់ ប្រទេសជាតិយើងមានប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចលោកមិនត្រឹមតែបានដឹកនាំការតស៊ូ រំលត់ភ្លើងសង្គ្រាម និងនាំមកនូវសន្តិសុខ សន្តិភាពពេញលេញជូនប្រទេស ជាប្រវត្តិសាស្ត្រ ប៉ុណ្ណោះទេ ទន្ទឹមនេះសម្ដេចតេជោ ក៏បានគិតគូរយកចិត្តទុកដាក់អំពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ ចំណាត់ការ និងផែនការសកម្មភាពនានា ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលរួមមានកម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាដោយបានចាប់ផ្តើមនៅឆ្នាំ១៩៩២ ការបញ្ចូលបញ្ហាមីនទៅក្នុងគោលដៅអភិវឌ្ឍន៍ សហសវត្សរ៍កម្ពុជា ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនជាបន្តបន្ទាប់ ជាពិសេសការផ្ដួចផ្ដើមបង្កើតគម្រោង សម្ដេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ«ផ្ដល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលមនុញ្ញផលនៃផែនការសកម្មភាព និងយុទ្ធសាស្ត្រទាំងអស់នេះ បានធ្វើឱ្យការងារបោសសម្អាតមីននៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង សម្រេចបាននូវលទ្ធផលត្រចះត្រចង់ និងត្រូវបានប្រកាសជាផ្លូវការ ជាឃុំអស់មីន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះ ជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ដ គណៈអភិបាលខេត្ដ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុងទាំងមូល និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្ដែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដួចផ្ដើមបង្កើតគម្រោង សម្ដេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ«ផ្ដល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម»។

នាងខ្ញុំក៏សូមថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកថវិកា និងសម្ភារបរិក្ខារដល់សកម្មភាពដោះមីននៅក្នុងខេត្តកោះកុង និងសូមអរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរមីន ក៏ដូចជាកម្លាំងប្រតិបត្ដិករបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិគ្រគ្រប់ងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ដែលតែងតែយកចិត្ដទុកដាក់ និងចាត់ទុកខេត្ដកោះកុង ជាខេត្តអាទិភាព សម្រាប់ការដាក់ពង្រាយកម្លាំងប្រតិបត្ដិករ ធ្វើការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ធ្វើឱ្យឃុំកោះស្តេច បានសម្រេចផែនការប្រកាសជាឃុំអស់មីន។ ជាមួយនេះ ខ្ញុំក៏សូមសម្ដែងនូវការកោតសរសើរ និងអរគុណ ដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការ និងបង្កលក្ខណៈងាយស្រួល ជាពិសេសសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអនុគ្រោះ និងយោគយល់ ដល់សកម្មភាពបោសសម្អាតមីន ដែលមានកន្លែងខ្លះ បានប៉ះពាល់ដល់ផលដំណាំរបស់ខ្លួន ប៉ុន្ដែបងប្អូននៅតែញញឹមរីករាយ សហការប្រកបដោយស្មារតីភាតរភាព ធ្វើឱ្យកម្លាំងប្រតិបត្ដិករ បោសសម្អាតមីន អាចបោសសម្អាតមីននៅឃុំកោះស្តេច សម្រេចបាននូវលទ្ធផលដ៏ផ្លែផ្កា ប្រកបដោយកិត្តិយសនេះ។ ពិធីប្រកាសឃុំកោះស្តេច ជាឃុំអស់មីន នាថ្ងៃនេះ ជាសញ្ញាវិជ្ជមានមួយបន្ថែមទៀត លើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសក្ដានុពលរបស់ខេត្ដ ដែលទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ អន្តរជាតិ មកកម្សាន្តសប្បាយ អ្នកវិនិយោគមកបណ្ដាក់ទុនបង្កើតរោងចក្រ សហគ្រាស ជាបន្ដបន្ទាប់ ធ្វើឱ្យសេដ្ឋកិច្ចខេត្ដកោះកុង នឹងបន្តមានកំណើនបន្ថែមទៀត ជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង កាត់បន្ថយបានជាអតិបរមា នៃការធ្វើចំណាកស្រុក ទៅស្វែងរកការងារធ្វើនៅក្រៅខេត្ត។ ក្នុងនាមរដ្ឋបាលខេត្ដ នាងខ្ញុំមានសុទិដ្ឋិនិយមថា ការប្រកាសឃុំកោះស្តេច ជាឃុំអស់មីន នឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ អាចប្រើប្រាស់ដីធ្លីរបស់ខ្លួនសម្រាប់ការងារបង្កបង្កើនផលឱ្យអស់លទ្ធភាព ប្រកបដោយសុវត្ថិភាព លុបបំបាត់ភាពភ័យខ្លាចនានា ការគំរាមកំហែងផ្សេងៗ ដែលអាចបង្កឡើងដោយសារមីនដែលមានកប់ក្នុងដី ហើយអ្នកវិនិយោគនឹងកាន់តែមានក្ដីរីករាយ និងទំនុកចិត្ដ ក្នុងការពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួន នៅតាមភូមិសាស្រ្ដនានាក្នុងខេត្ដ ស្របទៅនឹងចក្ខុវិស័យរបស់រដ្ឋបាលខេត្តក្នុងការពង្រីកវិសាលភាព នៃការវិនិយោគនានាដែលមានការប្រមូលផ្ដុំនៅក្នុងតំបន់ភូមិសាស្ត្រតែមួយឱ្យមានការរាយប៉ាយទៅតំបន់ផ្សេងៗទៀតនៅតាមបណ្ដាក្រុង ស្រុកនៅទូទាំងខេត្ត។ ទន្ទឹមនេះ ក្នុងនាមអាជ្ញាធរខេត្ត នាងខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជន ដែលបានដឹង និងស្គាល់ទីតាំងកប់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀត ដែលការស្រាវជ្រាវកន្លងមក អាចមិនទាន់គ្រប់ជ្រុងជ្រោយ ឬខ្វះប្រភពផ្ដល់ព័ត៌មាន សូមបងប្អូនសហការផ្ដល់ព័ត៌មាន អំពីទីតាំងទាំងនោះ ដល់អាជ្ញាធរដែនដី កម្លាំងប្រតិបត្ដិករបោសសម្អាតមីន ដើម្បីក្រុមការងារជំនាញរៀបចំផែនការស្រាវជ្រាវ ផ្ទៀងផ្ទាត់ទិន្នន័យ និងរៀបចំផែនការធ្វើការបោសសម្អាត ហើយនាងខ្ញុំមានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អាជ្ញាធរមីន ប្រតិបត្តិករបោសសម្អាតមីន និងអង្គភាពពាក់ព័ន្ធ នឹងនៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ខេត្តកោះកុងយើងខ្ញុំលើវិស័យនេះជាបន្តទៀត ដើម្បីដោះស្រាយនូវបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕
ថ្ងៃសុក្រ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ March 10, 2023

អត្ថបទទាក់ទង