រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេស នៅព្រះរាជាណាចក្រកម្ពុជា ដល់រោងចក្រ សហគ្រាស គ្រឹះស្ថានទូទាំងខេត្តកោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេស នៅព្រះរាជាណាចក្រកម្ពុជា ដល់រោងចក្រ សហគ្រាស គ្រឹះស្ថានទូទាំងខេត្តកោះកុង ។

លោកអភិបាលរង បានលើកឡើងថា ពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ជូនដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានប្រើប្រាស់កម្លាំងពលកម្មជនបរទេស និងភាគីពាក់ព័ន្ធនានា សំដៅលើកកម្ពស់ការយល់ដឹងអំពីច្បាប់ លិខិត បទដ្ឋានគតិយុត្តិជាធរមាន និងដើម្បីកាត់បន្ថយជាអតិបរមា និងឈានទៅរកការលុបបំបាត់ នូវរាល់ការប្រើប្រាស់ហត្ថពលកម្មបរទេសមិនស្របច្បាប់។ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ របស់លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ក៏ដូចជាលទ្ធផលការងាររបស់ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសខេត្តកោះកុង ដែលមានតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយមន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្ត ដែលបានសហការយ៉ាងល្អខិតខំបំពេញភារកិច្ចក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេស ដោយមានការចូលរួមពីម្ចាស់រោងចក្រ សហគ្រាស មូលដ្ឋានអាជីវកម្មនានា និងពីសំណាក់កម្មករនិយោជិតបរទេស ហើយទទួលបានលទ្ធផលគួរជាទីមោទនៈ។ យើងសង្កេតឃើញថា ពី១ឆ្នាំទៅ១ឆ្នាំ នាយករោងចក្រ សហគ្រាស ភាគច្រើនបានយល់ដឹង និងចូលរួមអនុវត្តនៃច្បាប់ស្តីពីអន្តោប្រវេសន៍ នឹងច្បាប់ស្តីពីការងារកាន់តែច្បាស់លាស់ ប្រសើរឡើងជាលំដាប់។
រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធានារក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ ដែលជាការបង្កលក្ខណៈអំណោយផលដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការទាក់ទាញការវិនិយោគទាំងនៅក្នុងប្រទេស និងពីបរទេសព្រមទាំងលំហូរ នៃទេសចរណ៍បរទេសមកទស្សនាកម្ពុជារាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលបានជំរុញឱ្យកម្ពុជាសម្រេចបាននូវ កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ។ព្រមជាមួយនេះ គណៈកម្មការអន្តរក្រសួងក៏បានដាក់ចេញនូវផែនការសកម្មភាពការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីអន្តោប្រវេសន៍ ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ ដោយផ្តោតសំខាន់លើការងារអធិការកិច្ចហត្ថពលកម្មបរទេស ព្រមទាំងលើកកម្ពស់ប្រសិទ្ធិភាព ការងារគ្រប់គ្រងជនបរទេស ដែលកំពុងស្នាក់នៅប្រកបមុខរបរ និងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្សព្វផ្សាយអំពីគោលការណ៍ វិធានការពាក់ព័ន្ធដល់ម្ចាស់និងនាយកសហគ្រាស គ្រឹះស្ថាន ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស ឱ្យបានយល់ជ្រួតជ្រាប និងចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា។
តាមរយៈការផ្សព្វផ្សាយដ៏មានសារៈសំខាន់នាឱកាសនេះ ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងសមាជិក សមាជិកា នៃអង្គពិធីទាំងអស់ នឹងយល់ជ្រួតជ្រាបអំពីគោលបំណង នៃពិធីផ្សព្វផ្សាយនេះ ហើយចូលរួមផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ នឹងចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីចូលរួមចំណែកកាត់បន្ថយជាអតិបរមា និងឈានទៅលុបបំបាត់ នូវរាល់ការប្រើប្រាស់ហត្ថពលកម្មបរទេសមិនស្របច្បាប់ ព្រមទាំងចូលរួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀត សំដៅចូលរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម៕
ថ្ងៃអង្គារ ៧ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ March 28, 2023

អត្ថបទទាក់ទង