អាជ្ញាធរខេត្តកោះកុង ប្រជុំពិភាក្សាលើសំណើសូមចុះបញ្ជី និងធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃដីរបស់អធិការដ្ឋាននគរបាល និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងភូមិសាស្ត្រខេត្តកោះកុង
លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាលើសំណើសូមចុះបញ្ជី និងធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃដីរបស់អធិការដ្ឋាននគរបាល និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងភូមិសាស្ត្រខេត្តកោះកុង។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា ជាលទ្ធផល លោកអភិបាលរងខេត្ត និងជាប្រធានដឹកនាំកិច្ចប្រជុំ បានណែនាំឱ្យស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរស្រុកសាមី ធ្វើការសម្រុះសម្រួលដោះស្រាយទំនាស់ឱ្យបានចប់សព្វគ្រប់ជាស្ថាពរជាប្រជាពលរដ្ឋ ឬមន្រ្តីរាជការ ដែលមានទំនាស់នឹងដីកម្មវត្ថុ ស្នើសូមចុះបញ្ជី(ប្រសិនបើមាន)។ ទន្ទឹមនឹងនោះផងដែរ លោកអភិបាលរង បានគូសបញ្ជាក់ថា អ្នកពាក់ព័ន្ធខាងលើ ត្រូវចុះកំណត់និយាមកា នៃទីតាំងដីនីមួយៗជាក់ស្តែង ដែលកន្លងមកពុំទាន់បានធ្វើការចុះបញ្ជីតាមលក្ខណៈជាប្រព័ន្ធ ឬតាមបទបញ្ជា ០១ រួចបញ្ជូនទិន្នន័យទាំងនោះ មករដ្ឋបាលខេត្ត ឱ្យបានឆាប់រហ័ស ដើម្បីបន្តនីតិវិធី៕ថ្ងៃព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ March 30, 2023





















