រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងការណែនាំរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ស្តីពីការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានប្រជាពលរដ្ឋចំនួន ១៥០៥គ្រួសារ បានស្នើសូមសម្បទានដីសង្គមកិច្ច។ តាមរយៈកិច្ចប្រជុំនេះ លោក សុខ សុទ្ធី បានពន្យល់ ណែនាំ អាជ្ញាធរមូលដ្ឋាន និងមន្ទីរ អង្គភាពពាក់ព័ន្ធ អំពីនីតិវិធី នៃការស្រង់ទិន្នន័យ វាយតម្លៃ ដាក់ពិន្ទុ ទៅលើគ្រួសារ ឬខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដែលបានស្នើសូមសម្បទានដីសង្គមកិច្ច ហើយចំពោះប្រជាពលរដ្ឋ ដែលអាចទទួលបានសម្បទានដីសង្គមកិច្ច គឺលុះត្រាតែគ្រប់តាមលក្ខខ័ណ្ឌ ឬមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមានចែងក្នុងអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ ស្តីពីសម្បទានដីសង្គមកិច្ច។ ជាមួយគ្នានេះ លោក សុខ សុទ្ធី បានណែនាំបន្ថែម និងសង្កត់ធ្ងន់ថា ការចុះវាយតម្លៃ ដាក់ពិន្ទុ លើគ្រួសារឬខ្នងផ្ទះ ដែលស្នើសូមសម្បទានដីសង្គមកិច្ច ត្រូវធ្វើឡើងដោយច្បាស់លាស់ ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។
ក្រុមការងារនឹងចុះសិក្សា ស្រង់ទិន្នន័យ វាយតម្លៃ ដាក់ពិន្ទលើគ្រួសារឬខ្នងផ្ទះ ដែលស្នើសូមសម្បទានដីសង្គមកិច្ច ចាប់ពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដូចដែលមានភ្ជាប់ក្នុងកម្មវិធីចុះសិក្សា ស្រង់ទិន្នន័យ និងអង្កេតប្រជាពលរដ្ឋស្នើសុំដីសម្បទានសង្គមកិច្ច ។
ថ្ងៃពុធ ៦ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ May 10, 2023

អត្ថបទទាក់ទង