រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយប្រឹក្សាសាលារៀន និងសហគមន៍ចូលរួមគាំទ្រ ជំរុញ សិស្សរៀនយឺត បោះបង់ ត្រួតថ្នាក់ នៅតាមគ្រឹះស្ថានសិក្សា

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយប្រឹក្សាសាលារៀន និងសហគមន៍ចូលរួមគាំទ្រ ជំរុញ សិស្សរៀនយឺត បោះបង់ ត្រួតថ្នាក់ នៅតាមគ្រឹះស្ថានសិក្សា ។

លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះជួសមុខលោកជំទាវអភិបាលខេត្ត ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយប្រឹក្សាសាលារៀន និងសហគមន៍ ចូលរួមគាំទ្រ ជំរុញសិស្សរៀនយឺត ត្រួតថ្នាក់ បោះបង់ នៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្តរបស់យើង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការស្វាគមន៍ និងអរគុណចំពោះការចូលរួមរបស់ដៃគូសហការទាំងអស់ដែលបានមកចូលរួមនៅទីនេះក្នុងបំណងរកវិធីដើម្បីបង្កើនគុណភាព វិស័យអប់រំ យុវជន និងកីឡា។
កិច្ចប្រជុំជាទីមេត្រី! នាងខ្ញុំសូមរំលឹកជូនថា រាជរដ្ឋាភិបាលអាណត្តិទី៦នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយកំណត់នូវគោលនយោបាយធំៗ ក្នុងការបន្តផ្តល់អទិភាពដល់ការអភវិឌ្ឍធនធានមនុស្ស ទឹក ភ្លើង និងផ្លូវ ដែលជាកត្តាដ៏សំខាន់ចាំបាច់ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចដោយប្រកបចីរភាព និងបរិយាប័ន្ន និងការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ ព្រមទាំងបន្តពង្រឹងបណ្តាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ធានាឱ្យប្រជាពលរដ្ឋមានការងារធ្វើ។ រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យប្រកបដោយគុណភាព មានភាពរីកចម្រើនគ្រប់ផ្នែក មានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការស្នេហាជាតិ និងមនុស្សជាតិ ដោយបន្តលើកកម្ពស់គុណភាពនៃការអប់រំនៅគ្រប់កម្រិត និងបង្កើនឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា លើកកម្ពស់តម្លៃវិជ្ជាជីវៈ និងកិត្តិយសគ្រូបង្រៀន បន្តកសាងសាលាបឋមសិក្សាឲ្យបានដល់ភូមិ អនុវិទ្យាល័យឱ្យបានគ្រប់ឃុំ និងវិទ្យាល័យឱ្យបានគ្រប់ស្រុក ។ បន្តអនុវត្តគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាព និងជំនាញច្បាស់លាស់ ស្របតាមតម្រូវការទីផ្សារការងារទាំងក្នុងប្រទេស និងក្រៅប្រទេស ។
ដើម្បីឱ្យការផលិតធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព ក្រសួងអប់រំយុវជន និងកីឡាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដោយសំដៅដល់គុណភាពអប់រំជាចម្បង ហើយអាណត្តិនេះទៀត ក្រសួងបានប្រសិទ្ធនាមឱ្យវិស័យអប់រំថា ជាអាណត្តិសាលារៀន គឺអ្វីៗ ត្រូវតែរៀបចំ និងប្រព្រឹត្តិទៅនៅសាលារៀនទាំងអស់ មិនត្រូវគិតតែផ្នែករដ្ឋបាលនោះទេ។ យើងទាំងអស់គ្នាជាអ្នកពាក់ព័ន្ធ ក៏ត្រូវយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់លើវិស័យ អប់រំ យុវជន និងកីឡា ដោយត្រូវជម្រុញឱ្យមានការចូលរួមគ្រប់សកម្មភាពរបស់វិស័យអប់រំគ្រប់មូលដ្ឋានសិក្សា។ ជាមួយគ្នានេះ ដើម្បីឱ្យមានការទទួលខុសត្រូវរួមគ្នាលើវិស័យអប់រំ យុវជន និងកីឡាបន្ថែមទៀត យើងបានរៀបចំយន្តការឱ្យមានគ្រប់សមាសភាពពាក់ព័ន្ធ បានចូលរួមតាមរយៈ ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ វិស័យអប់រំថ្នាក់ក្រោមជាតិ (Join Technical Working Group) គណៈកម្មាធិការអប់រំសម្រាប់ទាំងអស់គ្នា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គណៈកម្មការសុខភាពសិក្សាខេត្តជាដើម។ ដោយឡែកនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក៏បានបន្សីសកម្មភាពអាទិភាពចូលទៅក្នុងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការធ្វើសមាហរណកម្មចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ឃុំ សង្កាត់ ក្រុង ស្រុក ជារៀងរាល់ឆ្នាំ ដើម្បីរួមគ្នាពិចារណារកមធ្យោបាយដោះស្រាយ នូវលទ្ធភាពផ្ដល់សេវាអប់រំ នៅតាមសាលារៀនសាធារណៈ និងការអប់រំក្រៅប្រព័ន្ធបានគ្រប់ៗគ្នា ស្របតាមគោលនយោបាយទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចែងថា៖ ធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
លោក លោកស្រី ក្មួយៗទាំងអស់! ការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយប្រសិទ្ធភាពទៅបាន ខ្ញុំយល់ថាមានកត្តាផ្គួបផ្សំជាច្រើនដូចជា កត្តាគោលនយោបាយអប់រំ កម្មវិធីសិក្សា សមត្ថភាពគ្រូ បរិស្ថានសាលា និងកត្តាសិស្សខ្លួនឯង។ ទោះជាគ្រូល្អយ៉ាងណា កម្មវិធីល្អយ៉ាងណា តែបើសិស្សមិនមករៀន សិស្សមិនយកចិត្តទុកដាក់ សិស្សអវត្តមានដោយមូលហេតុជីវភាពគ្រួសារ អាណាព្យាបាលខ្វះកិច្ចសហការនិងជំរុញកូនឱ្យមកសាលារៀន ឬកត្តាកាយសម្បទា និងជីវសាស្ត្រមិនអំណោយផលទេនោះ នឹងជះឥទ្ធិពលអវិជ្ជមានដល់គុណភាពអប់រំជាក់ជាមិនខាន។ ថ្ងៃនេះយើងទាំងអស់គ្នាជួបជុំគ្នានៅទីនេះ ដើម្បីរួមគ្នាប្រឹក្សាយោបល់ជាមួយគ្នា រួមគ្នាទទួលខុសត្រូវ និងចូលរួមជួយជំរុញលើកទឹកចិត្ត ឬគាំពារដល់សិស្សដែលរៀនយឺត ត្រួតថ្នាក់ និងសិស្សដែលបោះបង់ការសិក្សា ហើយនេះយើងលើកយកតែក្នុងវិទ្យាល័យចំណេះទូទៅតេជោសែនកោះកុងមកប្រឹក្សាជាមុន បន្ទាប់ទៀតនឹងទៅធ្វើការប្រឹក្សានៅគ្រឹះស្ថានផ្សេងៗទៀតជាបន្តបន្ទាប់។ យើងគ្រប់គ្នាត្រូវរួមគ្នាបង្កើនស្មារតីទទួលខុសត្រូវភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់លើការងារ ផ្អែកលើលទ្ធផលនៅគ្រប់កម្រិតថ្នាក់ គឺជាគោលការណ៍គន្លឹះ នៃការអនុវត្តកម្មវិធីកំណែទម្រង់របស់យើង ដែលជាមធ្យោបាយដ៏ល្អបំផុត នៃការបង្កើនស្មារតីធ្វើការងារជាមួយគ្នាដោយសុខដុមរមនា ដើម្បីការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ឱ្យកាន់តែប្រសើរឡើង។ ក្រោយពីការប្រកាសបើកកិច្ចប្រជុំរបស់នាងខ្ញុំ យើងនឹងបានស្តាប់នូវរបាយការណ៍របស់លោកនាយកវិទ្យាល័យ មតិចូលរួមរបស់តំណាងអង្គការដៃគូ និងមតិចូលរួមរបស់អ្នកពាក់ព័ន្ធផ្សេងទៀត។ នាងខ្ញុំចាត់ទុកមតិយោបល់របស់អ្នកទាំងអស់គ្នា ពិតជាទទួលបានធាតុចូលដ៏សំខាន់សម្រាប់កិច្ចប្រជុំរបស់យើង។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជូនគណៈអធិបតី លោកលោកស្រី ក្មួយៗទាំងអស់ សូមទទួលបាននូវសុខភាពល្អជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយប្រឹក្សាសាលារៀន និងសហគមន៍ចូលរួមគាំទ្រជំរុញសិស្សរៀនយឺត ត្រួតថ្នាក់ បោះបង់នៅតាមគ្រឹះស្ថានសិក្សាចាប់ពីពេលនេះតទៅ៕
ថ្ងៃពុធ ៥ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ May 24, 2023

អត្ថបទទាក់ទង