រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ ក្នុងខេមរភូមិន្ទ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ ក្នុងខេមរភូមិន្ទ ខេត្តកោះកុង ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា នាងខ្ញុំក៏សូមឆ្លៀតយកឱកាសនេះ គូសបញ្ជាក់បន្ថែមដោយសង្ខេបផងដែរអំពីបញ្ហាការធ្វើដំណើរចូលមកទីរួមខេត្តកោះកុង កាលពីពេលដែលមិនទាន់មានផ្លូវជាតិលេខ៤៨ ពេលនោះគឺ ប្រសិន ចង់ធ្វើដំណើរពីរាជធានីភ្នំពេញមកខេត្តកោះកុង ត្រូវធ្វើដំណើរតាមផ្លូវទឹក ដោយប្រើប្រាស់មធ្យោបាយទូកឈើ និងកប៉ាល់រ៉ូយ៉ាល់ ហើយកាលពេលនោះការធ្វើដំណើរត្រូវចូលចតនៅតាមផែមួយចំនួន គឺ កំពង់ផែស្រែអំបិល កំពង់ផែកោះស្ដេច កំពង់ផែប៉ាក់ខ្លង និងចុងក្រោយទើបចូលមកដល់កំពង់ផែដងទង់នេះ។ ហើយប្រសិនបើចង់ធ្វើដំណើរពីខេត្តព្រះសីហនុ មកខេត្តកោះកុងវិញ គឺ ត្រូវចេញដំណើរ កំពង់ផ ទំនប់រលក និងត្រូវចូលចតតាម កំពង់ផែកោះស្តេច កំពង់ផែប៉ាក់ខ្លង រួចទើបចូលមកដល់កំពង់ផែដងទង់ យើងនេះ។ ការប្រើប្រាស់មធ្យោបាយតាមផ្លូវទឹក គឺមានជួបនូវបញ្ហាប្រឈមជាច្រើនដូចជា៖ ពុលទូក ពុលកប៉ាល់ ចំណាយពេលវេលា ចំណាយថវិកាច្រើនក្នុងពេលធ្វើដំណើរម្ដងៗ ហើយប្រសិនបើចៃដន្យ ជួបនឹងខ្យល់ព្យុះទៀត គឺអាចនឹងមានការលិចទូក កប៉ាល់ ហើយអាចនឹងមានការបាត់បង់អាយុជីវិតផង ដែរ និងអាចត្រូវចំណាយពេលស្នាក់នៅលើដីគោក តាមទីតាំងផែនីមួយៗខាងលើនេះ មានពេលខ្លះត្រូវនៅ លើកោះមួយអាទិត្យក៏មានផងដែរ។ ពាក់ព័ន្ធទៅនឹងសម័យកាលនោះ នាងខ្ញុំនឹកឃើញដល់បទចម្រៀងមួយបទ ដែលមានចំណង ជើងថា “កន្ទ្រឹមកោះកុង” ដែលជាស្នាដៃរបស់ ឯកឧត្តម យុទ្ធ ភូថង អតីតអភិបាលខេត្តកោះកុង បាន តែងនិពន្ធដោយបានរៀបរាប់អំពីទុក្ខលំបាក ការភ័យខ្លាច ការបារម្ភ របស់បងប្អូនប្រជាពលរដ្ឋ នៅពេលធ្វើដំណើរម្តងៗ នាំគ្នាធ្វើការបន់ស្រន់ សំពះទេព្តា បន់ស្រន់ដល់លោកយាយម៉ៅ នឹកគុណដល់ឪពុក ម្ដាយឱ្យតាមជួយរក្សាធ្វើយ៉ាងណាឱ្យការធ្វើដំណើរបានប្រកបដោយសុវត្ថិភាព ប៉ុន្តែបន្ទាប់ពីផ្លូវជាតិលេខ៤៨ ត្រូវបានស្ថាបនារួចរាល់ ការប្រើប្រាស់មធ្យោបាយតាមផ្លូវទឹកត្រូវបានកាត់បន្ថយជាបណ្តើរៗ ហើយកំពង់ផែនីមួយៗសឹងតែលែងដំណើរការ ឬអាចថានៅប្រើប្រាស់តិចតួច ជាពិសេសកំពង់ផែដងទង់ មិនមានដំណើរការ និងមានការបាក់ស្រុត ខូចខាតតែម្តង។ ប៉ុន្តែថ្ងៃនេះ ក្រោមការផ្តួចផ្តើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំជួសជុល កែលម្អកំពង់ផែដងទង់របស់យើងនេះឡើងវិញឱ្យមានភាពស្រស់ស្អាត ទាក់ទាញ និងបានរៀបចំនូវហេដ្ឋរចនាសម្ព័ន្ធមួយចំនួន រួមមាន៖ អគារសម្រាប់អ្នកធ្វើដំណើរចេញ-ចូល មានបន្ទប់សម្រាប់បុគ្គលិក មានបន្ទប់ទឹកសាធារណៈ និងផ្លូវបេតុងក្នុងបរិវេណកំពង់ផែ ដោយបានប្រែក្លាយ ពីកំពង់ផែចាស់ បាក់ស្រុត ទៅជាកំពង់ផែទេសចរណ៍ និងទំនិញ់រាយដ៏ស្រស់ស្អាត។ តាមរយៈសមិទ្ធផលថ្មីនេះ នាងខ្ញុំសង្ឃឹមយ៉ាង មុតមាំថា វិស័យទេសចរណ៍ និងស្ថានភាពសេដ្ឋកិច្ចនៅខេត្តកោះកុង នឹងមានការកើនឡើងបន្ថែមមួយកម្រិតទៀត ហើយជាពិសេស ការប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ក៏កាន់តែមានភាពល្អប្រសើរ និងមានជីវភាពធូរធារជាងមុន ព្រោះថាំផ្លូវ ស្ពាន និងកំពង់ផែ គឺជាសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់ចាំបាច់បំផុត មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។
មុននឹងបញ្ចប់ នាងខ្ញុំសូមយកឱកាសនេះ ស្នើដល់លោកអ៊ំ លោកពូ លោកមីង ក្មួយៗយុវជន បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តខិតខំសម្អាតអនាម័យ បរិស្ថាន នៅជុំវិញផ្ទះសំបែងឱ្យស្អាត ជាប្រចាំ និងត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការ សុខាភិបាលនានា របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ព្រោះថាជំងឺកូវីដ-១៩នេះមិនទាន់រលត់បាត់ទាំងស្រុងនោះទេ។ ជាមួយគ្នានេះ នាងខ្ញុំក៏សូមស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជួយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ដូសជំរុញ)ឱ្យបានគ្រប់ៗគ្នា និងលើកសូមទឹកចិត្ត ដល់លោកអ៊ំ លោកពូ លោកមីង បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត និងសូមជួយជម្រុញដល់បងប្អូន កូនចៅ សាច់ញាតិទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ជាទីបញ្ចប់ នាងខ្ញុំសូមគោរពថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងនាពេលនេះ និងសូមគោរពជូនពរ ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សូមទទួលបាននូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ និងសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយស និងអង្គពិធីទាំងមូល សូមជួបតែនឹងព្រះ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ថ្ងៃសុក្រ ៦ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ June 23, 2023

អត្ថបទទាក់ទង