លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង ជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញជាអធិបតីផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត ស្តីពីយុទ្ធសាស្រ្តបញ្ចកោណ(ដំណាក់កាលទី១) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងព្រឹត្តិការណ៍ថ្មីៗ អន្តរជាតិ តំបន់ ផ្ទៃក្នុងប្រទេស ជូនដល់យោធិនក្នុងទីបញ្ជាការ និងមកពីអង្គភាពចំណុះជុំវិញទីបញ្ជាការចូលរួម។
ឆ្លៀតយកឱកាសនោះលោកមេបញ្ជាការរង ជានាយសេនាធិការ បានលើកយកពីយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ រួមមាន (១)មនុស្ស (២)ផ្លូវ (៣)ទឹក (៤)ភ្លើង និង(៥) បច្ចេកវិទ្យា និងបានសង្កត់ធ្ងន់ទៅលើការចំណុច(១)មនុស្ស ដោយសំដៅទៅលើការបង្កើនសមត្ថភាព ចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព ដើម្បីបន្តឆ្ពោះ និងដើរអោយទាន់ទៅនិងចំណុច(ទី៥) នៃយុទ្ធសាស្រ្តបញ្ចកោណ គឺបច្ចេកវិទ្យា តាមប្រព័ន្ធឌីជីថល ។
ក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង ជានាយសេនាធិការ បានណែនាំដល់យោធិនគ្រប់រូបត្រូវគ្រប់គ្រងសតិអារម្មណ៍ឱ្យបាននឹងនរ កុំឃ្លៀងឃ្លោង ទៅតាមមតិមួយចំនួនដែលលើកឡើងតាមបណ្តាញសង្គមដោយគ្មានពត៏មានគ្រប់ជ្រុងជ្រោយ និងមានវិធានការណ៍ វាយបកទាន់ពេលវេលា ហើយត្រូវច្បាស់លាស់អំពីតួនាទី ភារកិច្ចរបស់យោធិន គឺត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរាស្រ្ត៕
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ September 7, 2023






