លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ទទួលបន្ទុកការងារវិនិយោគ បានអញ្ជើញដឹកនាំក្រុមការងារខេត្ត មកទស្សនកិច្ចសិក្សាលើសង្វាក់ផលិតកម្មរោងចក្រផលិតក្រណាត់ លាបពណ៌ និងកាត់ដេរសំលៀកបំពាក់ ក្នុងក្រុមហ៊ុន UNITEX TEXTILE COMPANY GROUP ស្ថិតក្នុងទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុន UNITEX TEXTILE COMPANY GROUP គឺជាក្រុមហ៊ុនផលិតសំលៀកបំពាក់ ដោយមានការបញ្ជាទិញភាគច្រើននៅសហរដ្ឋអាមេរិច កាណាដា និងតំបន់អ៉ឺរ៉ុប ដែលមានរោងចក្រជាច្រើនស្ថិតក្នុងប្រទេសចិន ប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ចំពោះវត្ថុធាតុដើមសម្រាប់ការផលិតសម្លៀកបំពាក់ភាគច្រើនគឺផលិតនៅប្រទេសចិន និងកូរ៉េខាងត្បូង។ សម្រាប់ប្រទេសកម្ពុជា មានក្រុមហ៊ុនបុត្រសម្ព័ន្ធ CHAMPTEX ដោយមានចំនួន ៥រោងចក្រ និងប្រើប្រាស់កម្លាំងពលកម្ម ប្រមាណ១ម៉ឺននាក់ ក្នុងនោះតំណាងក្រុមហ៊ុនបានបញ្ជាក់ថា បើមានការបញ្ជាទិញច្រើន គឺមានរោងចក្រដៃគូប្រមាណ១០០រោងចក្រ ក្នុងប្រទេសកម្ពុជាអាចផលិតបានទៀត។ លោកតំណាងក្រុមហ៊ុនបានបន្ថែមថា បច្ចុប្បន្នទន្ទឹមនឹងភាពល្អប្រសើរនៃគោលនយោបាយកម្ពុជា ក្រុមហ៊ុនរបស់លោក ក៏រំពឹងថានឹងបង្កើតរោងចក្របន្ថែមក្នុងប្រទេសកម្ពុជា សម្រាប់ការរៀបចំរោងចក្រគឺក្រុមហ៊ុន គិតគូរពីសក្តានុពលជាយុទ្ធសាស្រ្ត គឺ ៣+២ ដោយ៣ សំដៅលើវិស័យថាមពលអគ្គិសនី ទឹក និងប្រព័ន្ធភស្តុភារកម្ម និង២ គឺ កម្លាំងពលកម្ម និងភាពអនុគ្រោះលើការវិនិយោគរបស់រដ្ឋាភិបាល។ លោកបណ្ឌិតអភិបាលរងខេត្ត បានជម្រាបជូនតំណាងក្រុមហ៊ុនជ្រាបថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺប្រកាសជំហរគាំទ្រយ៉ាងពេញទំហឹងលើគោលនយោបាយ Belt and Road របស់រដ្ឋាភិបាលចិន និងចំណងមិត្តភាព កសាងអនាគតតែមួយ កម្ពុជា-ចិន ក្នុងនោះឃើញថា មានក្រុមហ៊ុនចិនជាច្រើន បានចាប់អារម្មណ៍លើការវិនិយោគក្នុងប្រទេសកម្ពុជា។ សម្រាប់ខេត្តកោះកុងយើងខ្ញុំ ដែលជាខេត្តមានផ្ទៃដីធំទូលាយ និងមានសក្តានុពលយ៉ាងខ្លាំង ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រ សហគ្រាស ដោយខេត្តកោះកុង មានកំពង់ផែទឹកជ្រៅ មានព្រលានយន្តហោះ ក្នុងតំបន់តារាសាគរ និងផ្លូវជាតិលេខ ៤៨ ដែលកំពុងស្ថាបនា នឹងរួចរាល់ក្នុងឆ្នាំ២០២៥ ខាងមុខនេះ លោកបណ្ឌិតអភិបាលរងខេត្ត បានសំណូមពរតំណាងក្រុមហ៊ុនចិន ផងដែរថា ក្នុងនាមលោកជំទាវអភិបាលខេត្ត ខ្ញុំស្នើសុំក្រុមហ៊ុនសិក្សា និងពិនិត្យលទ្ធភាព មកវិនិយោគលេីវិស័យវាយនភ័ណ្ឌនៅប្រទេសកម្ពុជាបន្ថែមទៀត ជាពិសេសនៅខេត្តកោះកុងតែម្តង។
ថ្ងៃចន្ទ ២ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ October 16, 2023




















