សាខា កក្រក ខេត្តកោះកុង ៖ នៅទីស្នាក់ការសាខា រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យលោក ឡុច ភិរ័ក្ស នាយករងប្រតិបត្តិសាខា សហការជាមួយមន្ត្រីប្រចាំការអនុសាខាក្រុងខេមរភូមិន្ទ ក្រុមការងារសង្កាត់ស្ទឺងវែង សង្កាត់ដងទង់ បានផ្តល់អំណោយមនុស្សធម៌ ជូនគ្រួសារចាស់ជរា ស្ត្រីទើបសម្រាល ស្ត្រីមានកូនតូចៗងាយរងគ្រោះចំនួន ១៨គ្រួសារ រស់នៅសង្កាត់ដងទង់ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
នាឱកាសនោះលោក ឡុច ភិរ័ក្ស នាយករងប្រតិបត្តិសាខា និងក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការ ចាស់ជរា ស្ត្រីមេម៉ាយ ស្ត្រីទើបសម្រាល ស្ត្រីមានកូនតូចៗងាយរងគ្រោះ ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកនាយករង និងក្រុមការងារក៏បានបន្តថា សូមកុំអស់សង្ឃឹមប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតអោយបានប្រសើរ ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ ជំងឺភ្នែកក្រហម និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សម្ភារដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ២៥គក្រ មីជាតិខ្មែរ ១កេះ ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធ១កេះ ព្រមទាំងថវិកា ៨ម៉ឺនរៀលដូចៗគ្នាផងដែរ ។










