រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង និងជាសមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ ស្ដីពីកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្តកោះកុង

លោក លឹម សាវាន់ នាយករដ្ឋបាល សាលាខេត្តកោះកុង និងជាសមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ ស្ដីពីកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្តកោះកុង។

លោកនាយករដ្ឋបាល បានលើកឡើងថា វេទិកា ពិគ្រោះយោបល់នេះ គឺដើម្បីជាប្រយោជន៍ដល់ការតាមដានត្រួតពិនិត្យ និងបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តកម្ម វិធីអភិវឌ្ឍន៍នាឆ្នាំកន្លងទៅ តើបានអនុវត្តដល់ណាហើយ បានធ្វើអ្វីខ្លះហើយ តើឆ្លើយតបនឹង ចក្ខុវិស័យ គោលដៅ គោលបំណង និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២០-២០២៤ របស់ខេត្ត ដែរឬទេ ?
ដូច្នេះវេទិកាពិគ្រោះយោបល់នាពេលនេះ នឹងបង្ហាញជូននូវលទ្ធផលនៃការអនុវត្តគម្រោងនានា របស់ រដ្ឋបាលខេត្ត និងវិស័យពាក់ព័ន្ធនានាក្នុងខេត្ត។ វេទិកានេះនឹងផ្សព្វផ្សាយអំពីដំណើរការរៀបចំសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦)របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវបានអនុវត្តប្រកបដោយតម្លាភាព មានការចូលរួម មានសង្គតិភាព និងជាពិសេស គឺ ពង្រឹងការអនុវត្តនូវ គោលការណ៍ទាំង៩ និងវប្បធម៌ប្រជាធិបតេយ្យក្នុងដំណើរការប្រព្រឹត្តទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិ យោគបីឆ្នាំរំកិល របស់បណ្ដារដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះជាឱកាសមួយដ៏វិសេសវិសាលបំផុត ដែលរដ្ឋបាល ខេត្តបានរៀបចំវេទិកាពិគ្រោះយោបល់នេះឡើងក្នុងគោលបំណង៖
*ពិនិត្យ និងកែសម្រួលសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៤-២០២៦)
*ពិគ្រោះ និងផ្តល់យោបល់លើការរៀបចំតារាងនានា ក្នុង PIP (២០២៤-២០២៦) ពង្រីកកិច្ចសហការគ្នារវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក និងភាគីពាក់ព័ន្ធនានា
*ដើម្បីកៀគរធនធាន សម្រាប់គាំទ្រគម្រោងវិនិយោគដែលស្នើឡើងដោយរដ្ឋបាលខេត្ត និងរដ្ឋបាល ក្រុង ស្រុក
*សម្របសម្រួល និងបន្សំគ្នារវាងគម្រោងនៃកម្មវិធីវិនិយោគខេត្ត ជាមួយនិងគម្រោងនៃកម្មវិធីវិនិយោគក្រុង ស្រុក គម្រោងនៃកម្មវិធីវិនិយោគឃុំ សង្កាត់ និងគម្រោងរបស់បណ្តា អង្គការជាតិ អន្តរជាតិ និង វិស័យឯកជន។
ផ្អែកតាមច្បាប់ និងអនុក្រឹត្យ ខាងលើក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសឱ្យមានការចូលរួមដោយផ្ទាល់ពីមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ទីចាត់ ការ អង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ អង្គការសង្គមស៊ីវិល វិស័យឯកជន ប្រជា ពលរដ្ឋ និងអ្នកពាក់ព័ន្ធនានានៅក្នុងដំណើរការនៃការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ប្រចាំឆ្នាំនេះឡើង ត្រូវបានអនុវត្តតាមគោលការណ៍ណែនាំ ផ្នែកគោលនយោបាយ ដើម្បីតម្រង់ទិសរដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍន៍វិស័យនានានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ការលើកកម្ពស់គុណភាពសេវាសាធារណៈ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ កម្មវិធីវិនិយោគប្រចាំឆ្នាំរបស់ខេត្ត គឺជាផែនទីចង្អុលប្រាប់ផ្លូវ ដើម្បីប្រើប្រាស់ជាមូលដ្ឋានដ៏សំខាន់ក្នុងការធ្វើសេចក្តីសម្រេចអំពីការអភិវឌ្ឍន៍ខេត្ត ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម(បីឆ្នាំ និងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្ត ក្នុងន័យនេះមានន័យថា៖រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្ត អាចប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំប្រើប្រាស់ថវិកា ក៏ដូចជាស្នើសុំថវិកាទៅស្ថាប័នជំនាញ ដើម្បីបង្ហាញអំពីទំហំសូចនាករ ការកំណត់វាស់វែងធនធានថវិកា ក្នុងការវិភាជន៍ថវិកាទៅតាមទំហំសូចនាករនោះ។ ដូច្នេះក្នុងឱកាសដ៏ប្រពៃនេះ សូមឱ្យ សមាជិក សមាជិកា នៃវេទិកាពិគ្រោះយោបល់ មេត្តារួមគ្នាពិនិត្យ និងផ្តល់យោបល់ធ្វើការកែលម្អ កំណត់នូវបញ្ហាប្រឈមនានាដែលមានកន្លងមកក្នុងការអនុវត្តតួនាទី ក៏ដូចជាបញ្ហាប្រឈមនៅ មូលដ្ឋាន ដើម្បីផ្ដល់ជាធាតុចូលបន្ថែមទៀត ជូនដល់ក្រុមការងារកសាងផែនការខេត្ត បានកែសម្រួល និងបំពេញបន្ថែម សម្រាប់ដាក់បញ្ចូលទៅក្នុងសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត មុននឹងរៀបចំកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស អនុវត្តឱ្យចំទិសដៅ ស្របតាមគោលការណ៍ទាំង៩ចំណុច ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរ បវរសួស្តី មហាប្រសើរ ជូនដល់ ឯកឧត្តម លោកជំទាវ និងសមាជិក សមាជិកា នៃអង្គវេទិកាទាំងមូល សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើកវេទិកាពិគ្រោះយោបល់ ស្ដីពីកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០២៤-២០២៦)ខេត្ត និងផ្សព្វផ្សាយ អំពីដំណើរការរៀបចំសិក្ខាសាលាសហរណកម្មកម្មវិធីកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ ៕
ថ្ងៃចន្ទ ៧ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ December 4, 2023

អត្ថបទទាក់ទង