រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះក្នុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើក«ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»ឆ្នាំ២០២៣ នៅស្រុកមណ្ឌលសីមា

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះក្នុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើក«ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»ឆ្នាំ២០២៣ នៅស្រុកមណ្ឌលសីមា

លោកអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ខ្ញុំបាទមានក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានមកចូលរួមជាថ្មីក្នុងកម្មវិធី ទិវាជាតិប្រឆាំង ការជួញដូរមនុស្ស ក្រោមប្រធានបទ "បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែន ដើម្បីជួញដូរមនុស្ស" ដែលស្របទៅទស្សនវិស័យ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានូវសន្តិសុខ សុវត្ថិភាពសង្គម ដើម្បីជាមូលដ្ឋានបង្អែក នៃការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ក្នុងរយៈពេលវែង។ ខ្ញុំសូមស្វាគមន៍ចំពោះវត្តមាន លោក លោកស្រីទាំងអស់ នៅក្នុងកម្មវិធីដ៏មានសារសំខាន់នេះ ដែលជាការបង្ហាញនូវស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះការងារប្រឆាំងការជួញដូរមនុស្ស និងការការពារសិទ្ធិមនុស្សនៅកម្ពុជា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងបានប្រារព្ធរៀបចំកម្មវិធីទិវាជាតិនេះ ជារៀងរាល់ឆ្នាំយ៉ាងអធិកអធមទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នេះជាយុទ្ធនាការអប់រំផ្សព្វផ្សាយដ៏ធំមួយរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបំផុសការយល់ដឹងយ៉ាងទូលំទូលាយ អំពីព្រឹត្តិការណ៍ និន្នាការនៃអំពើជួញដូរមនុស្ស ដែលបង្កគ្រោះមហន្តរាយ ដល់មនុស្ស ក្មេង ចាស់ ប្រុស ស្រី និងដល់សង្គមជាតិឥតឈប់ឈរ ទាំងក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅតាមបណ្តាប្រទេស ក្នុងតំបន់ និងក្នុងពិភពលោក ហើយក៏ដូចជាការដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ភេទ គ្រប់វ័យ គ្រប់ស្ថានភាព គ្រប់មជ្ឈដ្ឋានឱ្យប្រុងប្រយ័ត្នចំពោះល្បិចកលថ្មីៗរបស់ជនល្មើសជួញដូរមនុស្ស។ ទន្ទឹមនឹងនោះ កម្មវិធីនេះក៏ជាការផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិនានា ក្នុងការប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ច កម្លាំងពលកម្ម ការធ្វើអាជីវកម្មផ្លូវភេទ ការជួញដូរតាមប្រព័ន្ធ អនឡាន និងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីការពារសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា និងមនុស្សជាតិទូទៅ។
ក្រៅពីឧបទ្ទវហេតុដ៏អាក្រក់ជាច្រើនដែលកើតមាន រួមទាំងគ្រោះធម្មជាតិ មានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ បំណាក់ដី រលកកំដៅ ភ្លើងឆេះ គ្រោះរាំងស្ងួត ព្រមជាមួយនឹង វិបត្តិជម្លោះប្រដាប់អាវុធ ការទន្ទ្រានឈ្លានពាន ដោយអំណាច ដើម្បីមហិច្ឆិតាក្នុងការដណ្ដើមអំណាចត្រួតត្រា ការបង្កើតអាវុធ មហាប្រល័យ ដើម្បីបង្ហាញឧត្តមភាព គម្រាមពិភពលោកជាដើម បានបំផ្លាញពិភពលោកដ៏ស្រស់ស្អាត ឱ្យវិនាសអន្តរាយ ធ្វើឱ្យមនុស្សក្មេង ចាស់ ប្រុស ស្រី រាប់លាននាក់ បាននិងកំពុងតែរស់ក្នុងសភាពភ័យខ្លាច និងរងគ្រោះយ៉ាងលំបាកវេទនាជារៀងរាល់ថ្ងៃ។
ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជានៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្ការទប់ស្កាត់ឧក្រិដ្ឋកម្ម ឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និងបន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការ គោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការរៀបចំ អនុម័ត អនុសញ្ញាអាស៊ានប្រឆាំងការជួញដូរមនុស្ស កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ ដែលហៅកាត់ថា GCM រហូតត្រូវបានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ផ្នែកទេសន្តរប្រវេសន៍ ថាជា“ប្រទេសជ័យលាភីនៃគំនិតផ្តួចផ្តើមរបស់កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍" ក្នុងការប្ដេជ្ញាចិត្តខ្ពស់ ការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់ពលករទេសន្តរប្រវេសន៍ និងការពារពួក គេពីភាពរងគ្រោះ ដោយការរំលោភបំពាន និងកេងប្រវ័ញ្ចគ្រប់រូបភាព។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់សមាសភាព អង្គភាពជំនាញ ជាសមាជិករួមជាមួយ នឹងការចូលរួមគាំទ្រយ៉ាងសកម្ម ពីបណ្ដាទីភ្នាក់ងារ អង្គការ និងវិស័យឯកជន ដែលបានខិតខំប្រឹងប្រែងរួមគ្នា រិះរកគ្រប់មធ្យោបាយ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ ព្រមទាំងផ្ដល់កិច្ចការពារជនរងគ្រោះ ទាំងស្ត្រី បុរស និងកុមារ និងបានចូលរួមដោះស្រាយបញ្ហាជាច្រើនសម្រាប់ប្រជាពលរដ្ឋតាមសហគមន៍។
ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីអំពាវនាវដល់ថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទទាំងអស់ ដូចខាងក្រោម៖
១.ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់
-សូមខិតខំបំពេញភារកិច្ចឱ្យបានល្អ តាមតួនាទីដែលរាជរដ្ឋាភិបាល ប្រគល់ឱ្យប្រកបដោយ ការទទួលខុសត្រូវ ខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ ដោយអនុវត្ត តាមអភិក្រម "ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់" ដើម្បីធ្វើខ្លួនជាមន្រ្តីល្អ សក្តិសម នឹងការជឿទុកចិត្ត ពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
-ខិតខំតាមដានបាតុភាព និងបទល្មើសផ្សេងៗ និងគ្រប់គ្រងព្រំដែនឱ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឱ្យមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ។
-ពង្រឹង និងតាមដានការអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តនានាឱ្យមាន ប្រសិទ្ធភាព។

-កុំព្រងើយកន្តើយ ឬគាំទ្រអំពើល្មើសដែលកើតមាន ត្រូវខិតខំរួមគ្នាដោះស្រាយផ្ដល់យុត្តិធម៌ ដល់អ្នកដែលរងគ្រោះ ព្រមាន និងដាក់ទោសជនល្មើស ឱ្យសក្តិសមនឹងអំពើដែលបានប្រព្រឹត្ត ដើម្បីជាការលើកទឹកចិត្តដល់អំពើល្អ សុចរិតភាព និងយុត្តិធម៌ក្នុងសង្គម។
-ខិតខំផ្សព្វផ្សាយអប់រំ តាមសាលារៀន តាមវេទិកាសហគមន៍នានា ជាពិសេស ក្នុងគោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ អំពើហិង្សាការរំលោភបំពានលើស្រ្តី និងកុមារ អំពើជួញដូរមនុស្ស គ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ។
-រួមគ្នាលុបបំបាត់ការធ្វើទេសន្តរប្រវេសន៍ដែលគ្មានសុវត្ថិភាព ខុសច្បាប់ និងការងារខុសច្បាប់។
ខ្ញុំសូមលើកទឹកចិត្តដល់គ្រប់វិស័យពាក់ព័ន្ធ សូមបន្តរិះរកនូវវិធាន ការជាគន្លឹះនានា និងរួមសហការគ្នាជាធ្លុងមួយ ធ្វើសកម្មភាពឱ្យកាន់តែខ្លាំងក្លាក្នុងការ «បង្ការ បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ ការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជា គ្មានអំពើជួញដូរមនុស្ស»។ នេះជាការរួមចំណែកដ៏ធំធេង ក្នុងការលើកកម្ពស់ សន្តិសុខសុវត្ថិភាពសង្គម និងសន្តិភាពជាតិ ឱ្យមានស្ថេរភាព ដើម្បីធ្វើជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ស្របតាមគោលដៅអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល។
សូមលោកអភិបាលស្រុក មេឃុំ និងតាមបណ្តាសាលារៀន ត្រូវចាត់តាំងការរៀបចំផ្សព្វផ្សាយតាមរូបភាពផ្សេងៗ នូវសារទាំងឡាយនៃទិវា ១២ធ្នូ ប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ "បច្ចេកវិទ្យាជាមធ្យោ បាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស" សម្រាប់ជាការពញ្ញាក់ស្មារតី ឱ្យប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពី អំពើជួញដូរមនុស្ស និងចូលរួមបង្ការ ទប់ស្កាត់ និងការពារខ្លួនពីអំពើជួញដូរមនុស្ស ជាពិសេស ក្មួយៗជាយុវតី ដើម្បីគេចផុតពីការចាញ់បោកជនខិលខូចគ្រប់រូបភាពទាំងអស់ ៕
ថ្ងៃពុធ ៨ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ December 20, 2023

អត្ថបទទាក់ទង