រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកបណ្ឌិត សំឃិត វៀន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាព ប្រធាន សមាជិក គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង និងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុក

លោកបណ្ឌិត សំឃិត វៀន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាព ប្រធាន សមាជិក គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង និងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុក។

លោកអភិបាលខេត្តស្តីទី បានមានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំបាទតំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ខ្ញុំពិតជាមានសេចក្តីរីករាយ ឥតឧបមា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងប្រតិភូ ដែលបានអញ្ជើញ ជាអធិបតី ក្នុងពិធីប្រកាសសមាសភាព ប្រធាន សមាជិកគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង និងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុក នាឱកាសដ៏ថ្លៃថ្លានេះ។
ខ្ញុំសូមសំដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ របស់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង ក៏ដូចជារចនាសម្ព័ន្ធដឹកនាំ នៅតាមបណ្តាក្រុង ស្រុក ដែលបានបំពេញការងារបានល្អប្រសើរនាពេលកន្លងមក ក្នុងគោលដៅបម្រើផលប្រយោជន៍របស់បងប្អូន អតីតយុទ្ធជន របស់យើង។
គណៈអធិបតី ជាទីគោរព ! សមាជិក សមាជិកា ទាំងអស់ ជាទីមេត្រី ! ខ្ញុំសូមឆ្លៀតឱកាសនេះ ជម្រាបជូនអង្គពិធីទាំងមូលជ្រាបថា ដោយមានការយកចិត្ត ទុកដាក់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់បំផុតចំពោះ លោកអ៊ំ លោកពូ អ្នកមីង ជាអតីតយុទ្ធជន ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហា នៃយើង។
ខ្ញុំសូមអនុញ្ញាតរំលឹកជូនថា យើងទាំងអស់គ្នា ពិតមិនអាចបំភ្លេចបាននូវការ ឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។ ទោះបីពេលវេលាបានកន្លងផុតទៅ ជាច្រើនទសវត្សហើយក៏ដោយ ក៏យើងទាំងអស់គ្នា នៅតែចងចាំជានិច្ច នូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយ របស់ជាតិ ដែលបណ្តាលមកពីភ្លើងសង្រ្គាមដ៏សន្ធោសន្ធៅ ដែលបង្កឡើង ដោយរដ្ឋប្រហារ របស់ពួក លន់ នល់ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ តាមខ្សែញាក់របស់បរទេស និងមហាឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់ពួក ឃាតករ ប៉ុល ពត រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ចាប់ពីក្រោយថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥មក ដែលបានធ្វើឱ្យកម្ពុជាត្រូវបំផ្លាញដោយសង្រ្គាមរួចហើយនោះ បានក្លាយជាគុកឥតជញ្ជាំង ជាវាលពិឃាដដ៏សាហាវ ឃោរឃៅបំផុត និងជាសមុទ្រឈាម និងទឹកភ្នែករបស់ប្រជាជន។ ដោយសារការឈឺចាប់ឥតឧបមា និងតាមសម្រែកដង្ហោយហៅ របស់ប្រជាជនកម្ពុជា ស្លូតត្រង់ ចលនាតស៊ូ ត្រូវបានបង្កើតឡើងដោយមានការដឹកនាំពីគណបក្សប្រជាជនកម្ពុជា រហូតបានទទួលជោគជ័យដ៏ធំធេង នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
គណៈអធិបតី និងអង្គពិធីទាំងមូល ជាទីមេត្រី ! ខ្ញុំសូមឆ្លៀតយកឱកាសនេះ សម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បី បុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហានៃយើង។ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩មក រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន ឱ្យបានល្អប្រសើរ ជាបន្តបន្ទាប់។ ក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុនីតិសម្បទា ក៏ដូចជា ស្ថាប័នរដ្ឋ និងឯកជន ពាក់ព័ន្ធនានាបានផ្តល់អាទិភាព ដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនេះដែរ ខ្ញុំសូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន និងសូមថ្លែងអំណរគុណ ប្រកបដោយសេចក្តីស្រលាញ់ ចំពោះបងប្អូនអតីតយុទ្ធជនគ្រប់រូប និងក្រុមគ្រួសាររបស់បងប្អូន ដែលបាននឹងកំពុងបន្តចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។ ក្នុងនាមលោកជំទាវប្រធានកិត្តិយស ខ្ញុំនឹងបន្តប្រពៃណី ក្នុងការដឹកនាំល្អ និងអនុវត្តការងារឱ្យបានល្អប្រសើរ ជាពិសេសបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ជីវភាពរស់នៅ និងផលប្រយោជន៍នានា របស់បងប្អូនអតីតយុទ្ធជនយើង និងបន្តគាំទ្រជម្រុញ និងគៀងគរ ស្វែងរកមូលនិធិពីសប្បុរសជននានា ដើម្បីធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា នូវបញ្ហាលំបាកនានា ជាពិសេសការ ផ្តល់នូវប្រាក់បេឡាមរណៈសង្គ្រោះ ឱ្យបានតាមគោលការណ៍កំណត់។

ក្នុងឱកាសនេះដែរ ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយលោក លោកស្រីទាំងអស់ ដែលបានតែងតាំង ជាប្រធាន សមាជិក គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសនេះ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ពិតជាបង្ហាញអំពីសមត្ថភាព ក្នុងការដឹកនាំ និងបំពេញការងារស្របទៅតាមតួនាទី និងភារកិច្ច ក្នុងន័យបម្រើផលប្រយោជន៍ របស់សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសហការឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជួយសម្រួលជីវភាព របស់សមាជិកសមាគមអតីតយុទ្ធជន។
ជាទីបញ្ចប់ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ឯកឧត្តម កិត្តិសង្គហបណ្ឌិត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ និងផ្តល់កិត្តិយស បានអញ្ជើញជាអធិបតី ក្នុងពិធីនាឱកាសដ៏ប្រពៃនេះ និងគោរពជូនពរអង្គពិធីទាំងមូល សូមសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងសូមជួបប្រទះ នូវពុទ្ឋពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ថ្ងៃសុក្រ ១០ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ December 22, 2023

អត្ថបទទាក់ទង