រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ៖ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទ និង “យើងរួមកម្លាំគា្ន ការពារបរិស្ថានកម្ពុជា” នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ៖ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទ និង “យើងរួមកម្លាំគា្ន ការពារបរិស្ថានកម្ពុជា” នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ” និង“យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា” ដែលបាននឹងកំពុងធ្វើឡើងក្នុងទឹកដីខេត្តកោះកុង របស់យើងនាពេលនេះ។
ឆ្លៀតក្នុងឱកាសដ៏មានតំលៃនេះ នាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះ លោក លោកស្រី កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ព្រមទាំងបងប្អូនបុគ្គលិក កម្មករ កម្មការនីទាំងអស់ ដែលបានចំណាយពេលវលា ដ៏មាន តម្លៃរអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ។
យុទ្ធនាការផ្សព្វផ្សាយ ស្តីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនាពេលនេះ ក្នុងគោលបំណងធានាបាននូវសោភណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន ការលើកកម្ពស់ការយល់ដឹង ពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របៀបវេចខ្ចប់ និងញែកសំរាម ការកែច្នៃឡើងវិញ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យើងត្រូវចូលរួមទាំងអស់គ្នាដោយ ចាប់ផ្តើមពីខ្លួនយើងម្នាក់ៗផ្ទាល់ ចេះភ្ញាក់រលឹកផ្លាស់ប្ដូរផ្នក់គំនិត ងាកមកប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិកវិញ
ឧទាហរណ៍៖
-នំចំណី វិចខ្ចប់ដោយស្លឹកឈូក ស្លឹកចេក ឬក្រដាស់ជាដើម។ល។
-ប្រើប្រាស់ថង់ក្រណាត់ កន្ត្រក់ដែលធ្វើឡើងពីឬស្សី ផ្តៅ ឬកន្ត្រក់បរិស្ថាន
-ប្រើកំប៉ុង ឬដប បំពង់បឺត ដែលប្រើម្តងហើយ អាចប្រើបានម្ដងទៀត
-ប្រើប្រាស់វត្ថុផ្សេងៗទៀតដែលផលិតចេញពីធម្មជាតិ និងរុក្ខជាតិ។

*យើងដឹងហើយថា សំណល់ប្លាស្ទិក វាមានផលប៉ះពាលច្រើនលើ មនុស្ស សត្វ និងជីវៈចម្រុះ
-បើយើងបោះចោលក្នុងទឹក វាធ្វើឱ្យមានការបំពុលទឹក និងប៉ះពាលដល់ប្រព័ន្ធជីវៈចម្រុះសត្វដែលរស់នៅក្នុងទឹក។
-បើយើងបោះចោលទៅលើដី វានិងធ្វើឱ្យខូចសោភណភាព និងគុណភាពដី
-បើយើងកប់វាទៅក្នុងដី វានិងធ្វើឱ្យខូចគុណភាពដី
-បើយើងដុត វានិងធ្វើឱ្យមានការបំពុលខ្យល់ និងបរិយាកាស ពិបាកដកដង្ហើម និងប៉ះពាល់ ដល់សុខភាព និងអាចបង្កឱ្យមានជាជម្ងឺផ្សេងៗ។
ដូចនេះយើងត្រូវរួមកម្លាំងគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចាប់ពីថ្ងៃនេះតទៅ រហូតដល់ បញ្ឈប់ទាំងស្រុងនាពេលអនាគត។


អង្គពិធីទាំងមូលជាទីមេតី ! យុទ្ធនាការផ្សព្វផ្សាយ ស្តីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នាពេលនេះជាមោទនៈភាពមួយរបស់ខេត្តកោះកុង ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និង ប្រវត្តិសាស្ត្រក៏ដូចជាការជួយផ្សព្វផ្សាយនូវសក្តានុពលលើវិស័យទេសចរណ៍ ក្នុងន័យការពារគុណភាពបរិស្ថាន និងការអភិរក្ស ធនធានធម្មជាតិ។
ក្នុងនាមគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរដោយស្មោះចំពោះ មន្ទីរបរិស្ថានខេត្តកោះកុង ដែលបានរួមចំណែកមួយភាគធំធ្វើឱ្យការងារទាំងនេះទទួលបានជោគជ័យ និងជាពិសេសសូមថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលតែងតែគាំទ្រ និងលើកស្ទួយវិស័យបរិស្ថានក្នុងខេត្តកោះកុង។

ដើម្បីធានាឱ្យបាននូវការការពារគុណភាពបរិស្ថានបានល្អ និងសោភ័ណ្ឌភាព ទីក្រុងបៃតង ឆ្ពោះទៅកាន់សុខដុមនីយកម្មនិរន្តរភាព និងតុល្យភាពរវាងគ្នាព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច បៃតង។ ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមសំណូមពរដល់បងប្អូន បុគ្គលិក កម្មករកម្មការនី អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងវិស័យឯកជន ដែលតែងតែចូលរួម ក្នុងចលនាកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិក្នុងខេត្តកោះកុង ។
ជាថ្មីម្តងទៀត ក្នុងនាមអភិបាល នៃគណៈអភិបាលខេត្ត ខ្ញុំសូមកោតសរសើរដល់មន្ទីរ បរិស្ថានខេត្តកោះកុង ពិសេសអាជ្ញាធរមូលដ្ឋានដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ដើម្បីរៀបចំយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដ៏មានសារៈសំខាន់នេះឱ្យដំណើរការ ទៅបានដោយរលូន។
មុននឹងបញ្ចប់ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្ញុំផ្ទាល់ សង្ឃឹមយ៉ាងមុតមាំថា ការធ្វើយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅលើទឹកដីខេត្តកោះកុង សម្រាប់ ឆ្នាំ២០២៣នេះ នឹងប្រែក្លាយទៅជាសកម្មភាពអនុវត្តន៍ជាក់ស្តែង ដើម្បីអភិវឌ្ឍន៍ខេត្តកោះកុង ប្រកបដោយការគាំពារគុណភាពបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ និងសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ លោកអភិបាលរងខេត្ត លោកអភិបាលស្រុក លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ឬតំណាង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បុគ្គលិក កម្មករ កម្មការនី ដែលបានឆ្លៀតពេលដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នាព្រឹកនេះ ដើម្បីញ៉ាំងឱ្យកម្មវិធីនេះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យអធិកអធមក្រៃលែង។
ជាទីបញ្ចប់ នាងខ្ញុំសូមជូនពរដល់ លោកអភិបាលរងខេត្ត លោកអភិបាលស្រុក លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ឬតំណាង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បុគ្គលិក កម្មករ កម្មការនី ទាំងអស់សូមជួបតែពុទ្ធពរ ទាំង៤ប្រការគឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ ! !
ថ្ងៃអង្គារ ១៤ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ December 26, 2023

អត្ថបទទាក់ទង