រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ១គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅរសៀលថ្ងៃពុធ ទី ៣ ខែ មករា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងបានចាត់ឱ្យ ក្រុមប្រតិបត្តិសាខា សហការជាមួយ ក្រុមកាកបាទក្រហមសង្កាត់ស្មាច់មានជ័យ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ១គ្រួសារ ឈ្មោះ ហិន ចាន់ថុន ភេទស្រី អាយុ៤៤ឆ្នាំ បណ្តាលឱ្យខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន៤៨សន្លឹក នៅចំណុចភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

មានប្រសាសន៍នាឱកាសនោះក្រុមការងារ ក៏បាននាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួបគ្រោះថ្នាក់នេះដែលបណ្តាលឱ្យបាត់បង់ទ្រពសម្បត្តិ ។

ក្រុមការងារបញ្ជាក់បន្ថែមថាសូមឱ្យ មានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ និងគ្រោះធម្មជាតិនានា ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផល របរនេសាទ និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនថែរក្សាសុខភាព រស់នៅដោយមានអនាម័យ។

អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនមាន៖ អង្ករ២៥គក្រ មីជាតិខ្មែរ១កេះ ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស មុង១ ព្រមទាំង ថវិកាចំនួន២០ម៉ឺនរៀលផងដែរ។

អត្ថបទទាក់ទង