រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តកោះកុង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តកោះកុង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកោះកុង។

លោកជំទាវអភិបាល បានមានប្រសាសន៍ថា សូមគោរព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តកោះកុង ជាទីគោរពដ៏ខ្ពង់ខ្ពស់! សូមគោរព ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភា ជាទីគោរព! សូមគោរព ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលកោះកុង ជាទីគោរព! សូមគោរព ឯកឧត្តមសន្តិបណ្ឌិត ឯកឧត្តមប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ! សូមគោរព ឯកឧត្តម លោកជំទាវ ប្រតិភូជាន់ខ្ពស់ នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង ជាទីគោរព! ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយស និងអង្គសន្និបាត ទាំងមូល ជាទីមេត្រី!
ជាបឋម ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្សរីករាយឥតឧបមា និងសូមសម្តែងនូវការស្វាគមន៍ និងគាវរកិច្ចយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ វត្តមានដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកោះកុង ដ៏មានសារៈសំខាន់នាពេលនេះ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងអង្គសន្និបាតទាំងមូល នាងខ្ញុំសូមគោរពអនុញ្ញាតធ្វើសេចក្តី រាយការណ៍ដោយសង្ខេបអំពីកិច្ចដំណើរការ និងលទ្ធផលនៃសន្និបាតជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មេត្តាជ្រាបដូចខាងក្រោម ៖ -អង្គសន្និបាត បានដំណើរការរយៈពេល ០១ ថ្ងៃកន្លះ គឺថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ដោយចាប់ផ្តើម ពីម៉ោង ០៨.០០ ព្រឹក រហូតដល់ម៉ោង ១២.០០ ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ១៤ និង ៣០ នាទី រហូតដល់ ម៉ោង ១៧.០០ និងថ្ងៃទី០៣ ដោយចាប់ផ្តើម ពី ម៉ោង ០៨.០០ ព្រឹក រហូតដល់ម៉ោង ១២.០០ ថ្ងៃត្រង់ ។

-សមាសភាពដែលបានអញ្ជើញចូលរួម ក្នុងសន្និបាត រួមមាន ក្រុមប្រឹក្សាខេត្ត គណៈ អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាក្រុង ស្រុក និងអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ ចំណុះសាលាខេត្ត មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ តំណាងសង្គមស៊ីវិល ក្រុមយុវជន និងវិស័យឯកជន ដែលមានអ្នកចូលរួមសរុបចំនួន ៣០៦ នាក់ (ស្រី ៥៦នាក់)។
-អង្គសន្និបាត បានដំណើរការយ៉ាងយកចិត្តទុកដាក់ តាមកម្មវិធីដែលមានគ្រោងទុកជាបន្តបន្ទាប់ ដូចខាងក្រោម ៖
-អង្គសន្និបាតបានស្តាប់នូវការផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងការលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកោះកុង ។
-អង្គសន្និបាត ក៏បានស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ -សង្កាត់ មានសុវត្ថិភាព -អង្គសន្និបាតបានបែងចែកក្រុមពិភាក្សាជា០៣ក្រុមដោយផ្តោតលើប្រធានបទសំខាន់ៗ ចំនួន០៣ ដូចខាងក្រោម ៖
១-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទ ល្មើសគ្រប់ប្រភេទ
២-មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ
៣-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

ឯកឧត្តម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ! ឯកឧត្តម លោកជំទាវ គណៈអធិបតី ! ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និងអង្គសន្និបាត ជាទីមេត្រី! អង្គសន្និបាត បានសម្តែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ឋផលការងារ របស់រដ្ឋបាលខេត្តឆ្នាំ២០២៣ និងគាំទ្រយ៉ាងពេញទំហឹងចំពោះទិសដៅការងារឆ្នាំ២០២៤ ដែលរដ្ឋបាលខេត្ត បានដាក់ចេញសម្រាប់អនុវត្តបន្ត និងបានវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារសម្រេចបាន លទ្ឋផលល្អប្រសើរក្នុងឆ្នាំ២០២៣កន្លងមក។ លទ្ឋផលសំខាន់ៗ ដែលអង្គសន្និបាតអបអរសាទរ និងគួរឱ្យកត់សម្គាល់រួមមាន៖ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីប្រជុំជន

និងតំបន់ទេសចរណ៍សំខាន់ៗ ការពង្រឹងរបៀបរបបនិងប្រសិទ្ធភាពការងារការពង្រឹង សាមគ្គីភាព ការលើកកម្ពស់សមត្ថភាពនិងការលើកទឹកចិត្តដល់មន្ត្រីរាជការ ការបម្រើសេវា សាធារណៈ សេវារដ្ឋបាល និងសេវាតម្រូវការចាំបាច់នានានៅតាមមូលដ្ឋានបានបំពេញតាម តម្រូវការជូនប្រជាពលរដ្ឋ ការផលិតនិងផ្ដល់នូវអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចការទំនាក់ទំនងនិងសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនឹងលទ្ធផលវិជ្ជមានគួរជាទីមោទកៈខាងលើ អង្គសន្និបាតក៏បានកត់សម្គាល់ អំពីបញ្ហាប្រឈមមួយចំនួន ដែលក្រុមពិភាក្សាបានលើកឡើង និងតម្រូវឱ្យមានការចូលរួមពីគ្រប់ សមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការដោះស្រាយ។ បញ្ហាទាំងនោះមានដូចខាងក្រោម៖
ក្រុមទី១ បានពិភាក្សាលើប្រធានបទ “គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ” និងបានលើកឡើងនូវ៖
*បញ្ហាប្រឈម
-នៅមានបទល្មើសលួច ឆក់
-ខ្វះមធ្យោបាយក្នុងការចុះល្បាតនៅតាមមូលដ្ឋាន
-នៅមានការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋពុំសូវចូលរួមសហការ និងរាយការណ៍អំពីការប្រើប្រាស់គ្រឿងញៀន
-នៅមូលដ្ឋានបទល្មើសគ្រឿងញៀន ក្នុងការទប់ស្កាត់និងបង្ក្រាបប្រព្រឹត្តក្នុងភូមិសាស្រ្តស្មុគស្មាញមានការលំបាក
-ខ្វះមណ្ឌលអប់រំកែប្រែ ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន
-បទល្មើសនេសាទ និងបទល្មើសសម្លាប់សត្វព្រៃ នៅតែបន្តកើតមាននៅក្នុងតំបន់មួយចំនួន
*ដំណោះស្រាយ
-ត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីទប់ស្កាត់អំពើចោរកម្ម និងទប់ស្កាត់ ការផលិត ការប្រើប្រាស់ ការជួញដូរ និងការសេពគ្រឿងញៀន
-គ្រប់សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការអប់រំផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សអំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងអំពីសារៈសំខាន់ នៃការថែរក្សាជីវចម្រុះ
*សំណូមពរ
-ស្នើសូមដល់រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យផ្ដល់សម្ភារ មធ្យោបាយបម្រើដល់ប្រតិបត្តិការ និងពិនិត្យផ្ដល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីជំនាញ
-ស្នើសូមដី និងមណ្ឌលអប់រំបន្សាបព្យាបាលអ្នកញៀនគ្រឿងញៀន។

ចំពោះ ក្រុមទី២ បានពិភាក្សាលើប្រធានបទ “មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ” និងបានលើកឡើងនូវ៖
*បញ្ហាប្រឈម
-ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋអំពីការទុកដាក់សំរាមនៅមាន កម្រិត
-ខ្វះទីលានទុកដាក់សំរាម
-ខ្វះដៃគូភ្នាក់ងារប្រមូលសំរាម (តំបន់ខ្លះ)
-លំនៅឋានមួយចំនួនក្នុងទីប្រជុំជនមិនមានសណ្តាប់ធ្នាប់ ឬសោភណ្ឌភាពល្អ ពុំទាន់មានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់
*ដំណោះស្រាយ
-ចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងតាមគ្រប់មធ្យោបាយ
-រដ្ឋបាលឃុំ សង្កាត់ រៀបចំដីកា ស្តីពីតម្លៃសេវានៃការប្រមូលសំរាម
-ត្រូវរៀបចំឱ្យមានទីលានទុកដាក់សំរាមស្តង់ដារ
-ស្វែងរកដៃគូ ភ្នាក់ងារប្រមូលសំរាម
-រដ្ឋបាលមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ចុះណែនាំ និងអនុវត្តច្បាប់
-ពិនិត្យលទ្ធភាពសាងសង់ ឬគៀគររកអ្នកគាំទ
*សំណូមពរ
-ស្នើសូមទៅក្រសួង ឬ ស្ថាប័ន ឬ ដៃគូរអភិវឌ្ឍជួយស្ថាបនាប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។

ចំពោះក្រុមទី៣ បានពិភាក្សាលើប្រធានបទ “ផ្តល់សេវាសាធារណៈ ជាពិសេសសវា រដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត” និងបាន លើកឡើងនូវ៖
*បញ្ហាប្រឈម
-ការផ្តល់សេវាមិនទាន់ពេលវេលាដែលបណ្តាលមកពីខ្វះមន្ត្រី(ទាំងមន្ត្រីជួរមុខ និងជួរក្រោយ) និងចំណេះដឹងមន្ត្រីនៅមានកម្រិត
-ខ្វះខាតសម្ភារបច្ចេកទេស និងទីកន្លែងតូចចង្អៀត
-មិនបានផ្សព្វផ្សាយឲ្យបានទូលំទូលាយលើមុខសេវាមួយចំនួន និងខ្វះខាតមធ្យោបាយធ្វើដំណើរ
-មន្ត្រីផ្តល់សេវាមួយចំនួនតូច មានអាកប្បកិរិយាមិនទាន់បានល្អប្រជាពលរដ្ឋមានការលំបាកលើការរៀបចំឯកសារស្នើសុំសេវាមួយចំនួន និងមិនទាន់យល់ពីសារសំខាន់ក្នុងការស្នើសូមសេវាឱ្យស្របច្បាប់
-ប្រជាពលរដ្ឋមួយចំនួន មិនទាន់មានសមត្ថភាពលើការបំពេញទម្រង់ពាក្យស្នើសូម
-មិនទាន់មានសេវាអនឡាញ(អង្គភាពច្រកខេត្ត)
*ដំណោះស្រាយ
-ស្នើសូមជ្រើសរើសមន្ត្រីបន្ថែម
-ត្រូវបំពាក់សម្ភារការិយាល័យ ឱ្យបានគ្រប់គ្រាន់
-បើកវគ្គបណ្តុះបណ្តាលបំពេញបន្ថែម
-ជំរុញ និងរៀបចំផែនការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ
*សំណូមពរ
-ស្នើសូមក្រសួងមហាផ្ទៃ សម្របសម្រួលឱ្យមានការស្នើសូមសេវាជាកញ្ចប់
-ស្នើសូមក្រសួងមហាផ្ទៃជួយរៀបចំគោលការណ៍ និងបំពាក់សម្ភារលើការផ្ដល់សេវាអនឡាញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាទីគោរព ដ៏ខ្ពង់ខ្ពស់ ! ឯកឧត្តម លោកជំទាវ គណៈអធិបតី ! ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និងអង្គសន្និបាត ជាទីមេត្រី!
ក្រៅពីបញ្ហាប្រឈម និងសំណូមពរសំខាន់ៗ ដែលបានលើកឡើងពាក់ព័ន្ធនឹងប្រធានបទខាងលើ ក៏នៅមានបញ្ហាមួយចំនួនដូចជា៖ បញ្ហាជម្លោះដីធ្លីដែលកើតមាននៅតាមបណ្ដាមូលដ្ឋាន ការកំណត់ព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់នៅពុំទាន់មានភាពច្បាស់លាស់ល្អ និងបញ្ហាបទល្មើសធនធានធម្មជាតិក្នុងតំបន់អភិរក្សមួយចំនួន ដែលអង្គសន្និបាតទាំងមូលបានរួមគ្នាប្តេជ្ញាចិត្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ និងជំរុញការអភិវឌ្ឍថ្មីៗបន្ថែមទៀត សំដៅរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងលើកស្ទួយសិទ្ធិសេរីភាពនិង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង ជាមួយគ្នានេះ អង្គសន្និបាត ទាំងមូលក៏បានប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង និងចូលរួមអនុវត្តយ៉ាងសកម្មក្នុងដំណើការកំណែទម្រង់ស៊ីជម្រៅ និងការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” និង “វិធានការគន្លឹះរបស់រាជរដ្ឋាភិបាល” នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់ នាងខ្ញុំសូមគោរពថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលបានឆ្លៀតឱកាសអញ្ជើញ ជាគណៈអធិបតី និងជាភ្ញៀវកិត្តិយស ក្នុងពិធីបិទសន្និបាតដ៏អធិកអធម៌នារសៀលនេះ។ នាងខ្ញុំសូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ គណៈអធិបតី ភ្ញៀវកិត្តិយស និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូម ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ដើម្បីមានមូលដ្ឋាន ក្នុងការអនុវត្តការងារ នាពេលខាងមុខឱ្យកាន់តែល្អប្រសើរ នាងខ្ញុំសូមគោរពអញ្ជើញ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង មេត្តាមានប្រសាសន៍សំណេះសំណាល និងផ្តល់អនុសាសន៍ដឹកនាំដល់អង្គសន្និបាត សូមគោរពអញ្ជើញ ។
ថ្ងៃពុធ ៧ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ January 3, 2024

អត្ថបទទាក់ទង