រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ទទួលថវិកាសមាជិកភាពប្រចាំឆ្នាំ២០២៣ចំនួន ២,២៧០,០០០រៀល និងថវិកាហិបវិភាគទានចំនួន ៦០០,០០០ រៀល ពីមន្ទីរពេទ្យបង្អែកខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅទីស្នាក់ការសាខាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមប្រតិបត្តិ អញ្ជើញស្វាគមន៍ និងទទួលថវិកាសមាជិកភាពឆ្នាំ២០២៣ របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន ២,២៧០,០០០រៀល និងថវិកាហិបវិភាគទានចំនួន ៦០០,០០០ រៀល សរុប ២,៨៧០,០០០ រៀល(ពីរលានប្រាំបីរយចិតសិបពាន់រៀលគត់) ។

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងក្រុមការងារតំណាងឱ្យមន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែក ខេត្តកោះកុងទាំងអស់ បានសម្តែងចំណាប់អារម្មណ៍ថា ដោយពិនិត្យឃើញអំពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយទទួលបានការអំពាវនាវពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា និងគណៈកម្មាធិការសាខាទាំងអស់ ថ្នាក់ដឹកនាំអង្គភាពរបស់លោក ព្រមទាំងមន្ត្រីបុគ្គលិកក្រោមឱវាទ បានស្ម័គ្រចិត្តគាំទ្រដល់ចលនាកាកបាទក្រហម និងចូលរួមបង់ថវិកាសមាជិកភាពជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តជារៀងរាល់ឆ្នាំ ។

ជាការឆ្លើយតបលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង មានប្រសាសន៍ថាការផ្តល់ជូនថវិកាសមាជិកភាព គឺជាការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដែលបានបំពេញបេសកកម្មមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការត្រៀមបង្ការ និងឆ្លើយតបគ្រួសាររងគ្រោះ គ្រួសារងាយរងគ្រោះផ្សេងៗ ក៏ដូចជាគ្រោះអគ្គីភ័យ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិនានា ដែលទាំងនេះគឺជាវប្បធម៌ចែករំលែករបស់លោក ចំពោះជនងាយរងគ្រោះគ្រប់ប្រភេទ និងជាការបង្ហាញឲ្យឃើញពីការសាមគ្គីភាព ក្នុងការចូលរួមចែករំលែកអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ការផ្តល់ជាអំណោយមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា ប្រកបដោយភាពជោគជ័យ ដែលអាចចាត់ទុកថាជាគំរូមួយសម្រាប់ពិភពលោក។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សន្យាថានឹងប្រើប្រាស់ថវិកាសមាជិកភាពនេះអោយសមស្របទៅតាមគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា ។

អត្ថបទទាក់ទង