រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកបណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី បានអញ្ជើញស្វាគមន៍ លោកជំទាវ ហ៊ូ ដារ៉ារស្មី អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ ក្នុងកិច្ចប្រជុំបើកវគ្គសវនកម្មនៅខេត្តកោះកុង សម្រាប់ការិយបរិច្ឆេទ២០២៣ រវាងអាជ្ញាធរសវនកម្មជាតិ និងរដ្ឋបាលខេត្តកោះកុង បណ្តាមន្ទីរ និងរដ្ឋបាលក្រុង ស្រុក នៃខេត្តកោះកុង

លោកបណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី បានអញ្ជើញស្វាគមន៍ លោកជំទាវ ហ៊ូ ដារ៉ារស្មី អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ ក្នុងកិច្ចប្រជុំបើកវគ្គសវនកម្មនៅខេត្តកោះកុង សម្រាប់ការិយបរិច្ឆេទ២០២៣ រវាងអាជ្ញាធរសវនកម្មជាតិ និងរដ្ឋបាលខេត្តកោះកុង បណ្តាមន្ទីរ និងរដ្ឋបាលក្រុង ស្រុក នៃខេត្តកោះកុង។

លោកអភិបាលខេត្តស្តីទី បានលើកឡើងថា ថ្ងៃនេះ ជំនួសមុខឱ្យ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្ដីរីករាយក្រៃលែងដោយបានចូលរួមជាមួយ លោកជំទាវ ឯកឧត្តម លោក លោកស្រី ក្នុងកិច្ចប្រជុំបើកវគ្គសវនកម្មនៅខេត្តកោះកុងសម្រាប់ការិយបរិច្ឆេទ២០២៣ រវាង អាជ្ញាធរសវនកម្មជាតិ និងរដ្ឋបាលខេត្តកោះកុង បណ្តាមន្ទីរ និងរដ្ឋបាលក្រុង ស្រុក នៃខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ ដារ៉ារស្មី អគ្គលេខាធិការរងនៃអាជ្ញាធរសវនកម្មជាតិ តំណាង ដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ នាឱកាសនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមយកឱកាសនេះ ដើម្បីជម្រាបជូន លោកជំទាវ អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ លោកជំទាវ ឯកឧត្ដម លោក លោកស្រី បានជ្រាបដោយសង្ខេបអំពី លក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពល និងសមិទ្ធផលខ្លះៗ នៃខេត្តកោះកុងដូចតទៅ៖ ខេត្តកោះកុង មានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ចម្ងាយ២៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ ខាងលិចនិងខាងត្បូងជាប់នឹងឈូងសមុទ្រថៃនិងប្រទេសថៃ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ និងមានផ្ទៃដីសរុប ១០.០៤៥,៥៨គ.ម២ (ដប់ពាន់ សូន្យរយ សែសិបប្រាំ ក្បៀស ហាសិបប្រាំបី គីឡូម៉ែត្រការ៉េ) ចែកចេញជា ក្រុង១ មាន០៣សង្កាត់ ស្រុក៦ មាន២៦ឃុំ នឹងមានភូមិសរុបចំនួន១១៩ភូមិ។
នៅទូទាំងខេត្តមានគ្រួសារសរុបចំនួន ៣៥,៦២៦គ្រួសារ (សាបសិបប្រាំពាន់ ប្រាំមួយរយ ម្ភៃប្រាំមួយគ្រួសារ) មានប្រជាជនសរុបចំនួន ១៥១,៣៤៨នាក់ (មួយរយហាសិបមួយពាន់ បីរយ សែសិបប្រាំបីនាក់) ក្នុងនោះស្រីមានចំនួន ៧៥,៣០៤នាក់ (ចិតសិបប្រាំពាន់ បីរយបួននាក់) និង មានដង់ស៊ីតេប្រជាជន១៤នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ មុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋនៅក្នុង ផ្នែកកសិកម្មប្រមាណ៥៦.១% ផ្នែកសិប្បកម្មប្រមាណ០.៤% ផ្នែកសេវាកម្មប្រមាណ៤៣.៥% និង មានការប្រកបមុខរបរបន្ទាប់បន្សំមួយចំនួន។

ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសជាតិទាំងមូលទទួលបានសន្តិភាពនិងស្ថេរភាពនៅ ទូទាំងប្រទេស បានធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍលើគ្រប់វិស័យ។ ក្រោមម្លប់នៃសន្តិភាព និងដោយផ្អែកលើស្ថានភាពភូមិសាស្ត្រ របស់ខេត្តកោះកុង មានលក្ខណៈអំណោយផលពីធម្មជាតិ និងមានសក្តានុពលដ៏សម្បូរបែប ខេត្តកោះកុងមានឱកាសទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៏ដែល រួមមានជាអាទិ៍៖ តំបន់ធម្មជាតិដ៏ស្រស់ត្រកាលគ្របដណ្តប់ដោយព្រៃភ្នំជ្រលងដងអូរ តំបន់អេកូ ទេសចរណ៍ធម្មជាតិព្រៃកោងកាងទំហំ ១២.០០០ហិកតា តំបន់ព្រំដែនមានសណ្ឋាគារលំដាប់ផ្កាយ៥ ជាប់មាត់សមុទ្រតំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់កោះទាំង២៣ មានប្រជុំកោះ៩ដែលមាន ផ្កាថ្មដ៏ស្រស់ស្អាត និងតំបន់ឆ្នេរសមុទ្រមានប្រវែង២១៧គីឡូម៉ែត្រ លាតសន្ធឹងពីចំណុចជ្រោយ ស្វាយ នៃស្រុកស្រែអំបិល រហូតដល់ចំណុចចាំយាម នៃស្រុកមណ្ឌលសីមា ស្មើនឹង៥៤,៤%នៃ ប្រវែងឆ្នេរសមុទ្រ៤៤០គីឡូម៉ែត្រ នៃព្រះរាជាណាចក្រកម្ពុជា តំបន់វិស្សមកាលតារាសាគរកោះស្តេច មានទីលានវាយកូនហ្គោលខ្នាតអន្តរជាតិ តំបន់កសិ-ឧស្សាហកម្មចម្រុះ និងទំនប់វារីអគ្គិសនី ចំនួន៤កន្លែង។
ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀតដែលមានជាអាទិ៍ មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សាលារៀន វត្តអារាម ផ្លូវ ស្ពាន ថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន បាននឹងកំពុងអភិវឌ្ឍលើទឹកដីខេត្តកោះកុងជាបន្តបន្ទាប់ ដើម្បីលើកស្ទួយជីវភាព ប្រជាពលរដ្ឋនិងដើម្បីប្រែក្លាយទឹកដីខេត្តកោះកុង ជាទឹកដីដែលមានភាពទាក់ទាញប្រកប ដោយភាពស្រស់បំព្រង និងផាសុកភាពស័ក្តិសមជាខេត្តដែលត្រូវបានប្រសិទ្ធនាមថាជា " តារារៈ នាទិសនិរតី” ។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកជំទាវ ឯកឧត្តម លោក លោកស្រី គណៈប្រតិភូ នៃ អាជ្ញាធរសវនកម្មជាតិ ដែលបានអញ្ជើញដឹកនាំកិច្ចប្រជុំអន ឡាញតាមរយៈប្រព័ន្ធរួម នាពេលនេះ។ ខ្ញុំបាទសូមគោរពជូនពរ លោកជំទាវ និងគណៈ ប្រតិភូទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ជាពិសេសសូមអោយទទួលបានជោគជ័យ គ្រប់ភារកិច្ចដែលប្រមុខថ្នាក់ដឹកនាំប្រគល់ជូន និងសូមគោរពអនុញ្ញាតប្រគល់វេលានេះ ជូន លោកជំទាវ ហ៊ូ ដារ៉ារស្មី អគ្គលេខាធិការរងនៃអាជ្ញាធរសវនកម្មជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត សោម គឹមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ដើម្បីដឹកនាំកិច្ចប្រជុំនាពេលនេះ។
ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី January 25, 2024

អត្ថបទទាក់ទង