រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកបណ្ឌិត សំឃិត វៀន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ និងពិធីបើកផ្តល់របបគោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ ខេត្តកោះកុង

លោកបណ្ឌិត សំឃិត វៀន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ និងពិធីបើកផ្តល់របបគោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ ខេត្តកោះកុង។

លោកអភិបាលខេត្តស្តីទី បានលើកឡើងថា ថ្ងៃនេះ ជំនួសមុខឱ្យលោកជំទាវអភិបាលខេត្ត ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយ បានមកចូលរួមជាមួយអស់លោក លោកស្រី លោកអ៊ុំ ពូ មីង បងប្អូនទាំងអស់ក្នុង ទិវាជនមាន ពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ និងពិធីបើកផ្តល់ របបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍ក្នុងខេត្តកោះកុង នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការកោតសរសើរចំពោះគណៈកម្មការគ្រប់គ្រងរបប គោលនយោបាយថ្នាក់ខេត្ត ជាពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែល បានរួមសហការគ្នាអនុវត្តការងារគោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍នេះ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សំគាល់។ វត្តមានរបស់ អស់លោក លោកស្រី នាពេលនេះ គឺពិតជាបានបង្ហាញអំពីការចូលរួមគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពបងប្អូនដែលជាជនមានពិការភាព ក្រុមជនងាយរងគ្រោះ ដែលបាននិងកំពុងទទួលនូវការលើកកម្ពស់តួនាទីផលប្រយោជន៍ ការការពារសិទ្ធិ និងការជួយឧបត្ថម្ភគាំទ្រទាំងជីវភាព ស្មារតី និងសម្ភារ ពីសម្បុរសជនមកពីគ្រប់មជ្ឈដ្ឋាន អង្គការដៃគូអភិវឌ្ឍន៍សហគមន៍ និងរាជរដ្ឋាភិបាលកម្ពុជា សំដៅធានាបាននូវលើកកម្ពស់កម្រិតជីវភាព រស់នៅ និងគុណភាពជីវិតរបស់ប្រជាជន និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកាត់ បន្ថយភាពក្រីក្រនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថាភាពក្រីក្រ គឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ច ដែលមិនត្រឹមតែមិនអាចទទួលយកបានខាងផ្នែកផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាអាចបណ្តាលឱ្យមានការបែកបាក់សាមគ្គីភាព និងអស្ថេរភាពនៅក្នុងសង្គមថែមទៀត។ ចំពោះការបើកផ្តល់ប្រាក់របប គោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍នេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាទាំង២៥រាជធានី-ខេត្ត បាននិងកំពុងដំណើរការបើកផ្តល់ជូន ជនមានពិការភាព ដែលបានសម្ភាសន៍ចូលក្នុងកម្មវិធីនិងមានបណ្ណសមធម៌ (និយាយជារួម)។ និយាយដោយឡែក

សម្រាប់ខេត្តកោះកុង ក្នុងឆ្នាំ២០២៣ គណៈកម្មការបានរៀបចំជ្រើសរើសឈ្មោះប្រជាពលរដ្ឋ ដែលមានពិការភាពមានប័ណ្ណក្រីក្រ តាមរយៈកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន សម្រាប់ធ្វើការផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រក្នុង ក្រុងខេមរភូមិន្ទ ដែលមានចំនួន ១៥៤នាក់ ស្រី ៥៧នាក់ ក្នុងនោះជនមានពិការភាពដែលត្រូវ ទទួលប្រាក់ឧបត្ថម្ភ១២ខែចំនួន ៧៤នាក់ ស្រី៣១នាក់ និង ០៦ខែចំនួន ៨០នាក់ ស្រី២៦នាក់ ស្រុកមណ្ឌលសីមាមានចំនួន ៧១នាក់ ស្រី២៧នាក់ ក្នុងនោះជនមានពិការភាពដែលត្រូវទទួល ប្រាក់ឧបត្ថម្ភ១២ខែ ចំនួន ៤១នាក់ ស្រី ២១នាក់ និង០៦ខែ ចំនួន ៣០នាក់ ស្រី ៦នាក់។
លោក លោកស្រី គណៈអធិបតី! អង្គពិធីទាំងមូល ជាទីមេត្រី! រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តផ្ដោតការយកចិត្តទុកដាក់លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមាន លក្ខណៈប្រមូលផ្តុំ សង្គតភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី - មិនបោះបង់ចោលពលរដ្ឋ ណាម្នាក់ឡើយ”។ រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធ គាំពារសង្គមដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ ការកសាងនិងអភិវឌ្ឍមូលធនមនុស្ស ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឈានទៅ សម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ទន្ទឹមនឹងនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាជនមានពិការភាព រាជរដ្ឋាភិបាលក៏បានបង្កើត ច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបង្ហាញពីការយកចិត្តទុកដាក់ អំពីសុខទុក្ខ ការគោរពនូវសេចក្តីថ្លៃថ្នូរពីកំណើត ការរស់នៅដោយឯករាជ្យភាព ការលើកកម្ពស់ភាពស្មើគ្នា ចំពោះមុខច្បាប់ ការទទួលបានសេវាយុត្តិធម៌ ការចាកផុតពីការធ្វើទារុណកម្ម ការរំលោភបំពាន ការកេងប្រវ័ញ្ច អំពើហឹង្សា និងមានដំណោះស្រាយនៅពេលមានអាសន្ន ព្រមទាំងលើកស្ទួយ សមភាពស្ត្រីពិការ កុមារពិការផងដែរ។ ជាមួយគ្នានេះ យើងក៏ត្រូវទទួលស្គាល់ដែរថា បញ្ហាប្រឈម ចំពោះជនមានពិការភាពរួមមាន មានឱកាសតិចតួចក្នុងការរកប្រាក់ចំណូល ការបាត់បង់ខូចខាត សរីរាង្គណាមួយ ឬសតិបញ្ញា បណ្តាលឱ្យមានការប៉ះពាលទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ដោយ មើលឃើញពីការលំបាកនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវអនុក្រឹត្យ ស្តីពីរបបគោល នយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ដែលអនុក្រឹត្យនេះមានវិសាលភាព ចំពោះ ជនមានពិការភាពដែលមានកម្រិតពិការធ្ងន់ធ្ងរនិងគ្មានទីពឹង ជនពិការចាស់ជរាក្រីក្របំផុត និងគ្មានទីពឹងជនពិការមានគ្រោះថ្នាក់ធ្ងន់ធ្ងរក្រីក្របំផុតនិងគ្មានទីពឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខេត្ត នឹងបន្តពង្រឹងយន្តការដែលមានស្រាប់ និងចូលរួម សហការក្នុងការផ្តល់សេវាសង្គមកិច្ច និងកម្មវិធីសង្គ្រោះបន្ទាន់ឱ្យកាន់តែទូលំទូលាយ ការពង្រីក កម្មវិធីស្តារលទ្ធភាពពលកម្ម កម្មវិធីសុខុមាលភាពដ៏ល់ជនចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយ ជនគ្មានទីលំនៅ និងអតីតយុទ្ធជន ដើម្បីឱ្យពួកគាត់ទទួលបាននូវសេវាសុខភាព ការបណ្តុះបណ្តាលមុខជំនាញ ការបង្កើតមុខរបរ សំដៅប្រែក្លាយប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ទៅជា មូលដ្ឋានផលិតរបស់ជាតិ ដើម្បីរួមចំណែកធ្វើឱ្យគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះទទួលបានជោគជ័យ៕
ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ January 25, 2024

អត្ថបទទាក់ទង