រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្តីប្រកាសព័ត៌មាន ក្រសួងបរិស្ថាន

សេចក្តីប្រកាសព័ត៌មាន

ក្រសួងបរិស្ថានសូមសម្តែងការសោកស្តាយចំពោះក្រុមជនមួយចំនួនតូចដែលចេញមកសម្តែង ធ្វើជាអ្នកការពារបរិស្ថាន ដោយបានធ្វើសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ នៃខេត្តកោះកុង ឱ្យដាក់ជាតំបន់ការពារ។ នេះគ្រាន់តែជាលេស ដើម្បីបិទបាំងនូ វឧបាយកលនយោបាយទុច្ចរិតដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ។

ក្រសួងបរិស្ថាន សូមគូសបញ្ជាក់ថា ទោះបីជាគ្មានយុទ្ធនាការ ឬការទាមទារណាមួយក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការងារការពារនិងអភិរក្សតំបន់កោះកុងក្រៅនេះ ដោយបានបញ្ជូនក្រុមមន្ត្រីជំនាញ បានធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅនេះ តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដើម្បីដាក់តំបន់នេះ ជា«ឧទ្យានជាតិសមុទ្រ»ព្រោះតំបន់នេះសម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ដែលត្រូវការពារនិងអភិរក្ស។ នៅក្នុងគម្រោងផែនការ ក្រសួង បរិស្ថាន
រំពឹងថានឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជា«ឧទ្យានជាតិសមុទ្រ»អំឡុងឆ្នាំ ២០២១ ខាងមុខនេះ ក្រោយការបញ្ចប់ការសិក្សារួចរាល់។

ក្រសួងបរិស្ថាន សង្ឃឹមថាក្រុមជនមួយចំនួនតូចនេះ នឹងយល់ដឹងកាន់តែច្បាស់ ហើយខិតខំរៀនធ្វើការរួមគ្នាប្រកបដោយភាពស្មោះត្រង់ជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីបុព្វហេតុបរិស្ថាននិងធនធាន ធម្មជាតិ ហើយជៀសវាងការបង្កើតឆាកល្ខោនសម្តែងនិងធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយ៕

ថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២០

អត្ថបទទាក់ទង