រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ចូលរួមរំលែកទុក្ខ និងចូលបុណ្យសពគ្រួសារ​​រងគ្រោះដោយសារគ្រោះថ្នាក់​ចរាចរណ៍

សាខាកក្រក ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​ ២៥ ខែសីហា ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហមកម្ពុជា​ ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា​ បានអញ្ជើញចូលរួមរំលែកទុក្ខ និងចូលបុណ្យសពគ្រួសារ​​រងគ្រោះដោយសារគ្រោះថ្នាក់​ចរាចរណ៍នៅវេលាម៉ោង ៨ព្រឹក​ នៅចំណុចភូមិចាំយាម​ ឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា​ ដែល​បង្កឡើងដោយរថយន្ត​ដឹកដីចុះចំណោត​ដាច់​ហ្វ្រាំង​ជ្រុលចង្កូតបើកបុករះផ្ទះ​ប្រជាពលរដ្ឋចំនួន ៥ខ្នង បណ្តាលឱ្យមនុស្សស្លាប់​ ២​នាក់​ ត្រូវជាម្តាយនិងកូន​ (ម្តាយឈ្មោះ​ ស៊ន​ សុខា​ ភេទស្រី​ អាយុ​ ៣៨​ ឆ្នាំ​ ស្លាប់នៅពេល​បញ្ជូន​មក​ព្យាបាល​នៅមន្ទីរពេទ្យ​ រីឯកូន​ឈ្មោះ​ ចាន់​ សេង​ ភេទប្រុស​ អាយុ​ ២​ ឆ្នាំ​កន្លះ​ ស្លាប់នៅ​កន្លែង​កើត​ហេតុ​)។

ក្នុងឱកាសនោះដែរ លោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេក នូវឧបទេ្ទវហេតុដ៏រន្ធត់នេះពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ​ការបាត់បង់ប្រពន្ធ និងកូនជាទីស្រឡាញ់របស់គ្រួសារ នៃសព ។ លោកស្រី និងក្រុមការងារទាំងអស់ ក៏បានបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សម្ភារចូលបុណ្យដែលអនុសាខាផ្តល់ជូនរួមមាន​ ៖ អង្ករ ២០គក្រ និងថវិកា ១០០,០០០រៀល។ ដោយឡែក​ លោក ហាក់ ឡេង អភិបាលស្រុក​ ផ្តល់ថវិកា​ ៨០០,០០០រៀល​,​ លោកមេឃុំប៉ាក់ខ្លង ផ្តល់ថវិកា ៤០០,០០០រៀល​ និងលោកស្រី ស្រី ពិនសោភា តំណាង សសយក ស្រុក ផ្តល់ថវិកា​ ១១០,០០០រៀល៕

អត្ថបទទាក់ទង