រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីប្រកាសតែងតាំងលោក ជា ច័ន្ទកញ្ញា ជាអភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងលោក ជា ច័ន្ទកញ្ញា ជាអភិបាលស្រុកស្រែអំបិល ជំនួសលោក ទួន សីលា ដែលត្រៀមទទួលភារកិច្ចថ្មី នៅសាលាខេត្តកោះកុង ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំដល់អភិបាលថ្មី នៃស្រុកស្រែអំបិល ត្រូវយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយគោរពតាមច្បាប់លិខិតបដ្ឋានគតិយុត្តិនានា និងគោលនយោបាយ របស់រាជរដ្ឋាភិបាលអោយបានល្អប្រសើរ។ ពង្រឹង និងពង្រីកការទំនាក់ទំនង សាមគ្គីភាព ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធ ដើម្បីបង្កើននូវប្រសិទ្ធិភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុក ដោយរួមគ្នាគិត រួមគ្នាធ្វើ ក្នុងគោលដៅលើកស្ទួយជីវភាពរស់នៅ រក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ទៅមុខថែមទៀត។

លោកជំទាវអភិបាលខេត្ត ក៏សង្កត់ធ្ងន់ដែរថា អភិបាលស្រុកថ្មី ត្រូវពិនិត្យកែលម្អសោភ័ណភាព និងដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធ សំដៅធ្វើយ៉ាងជាប្រយោជន៍បម្រើប្រជាពលរដ្ឋតាមតម្រូវការ។

ចំណែកឯលោក ជា ច័ន្ទកញ្ញា អភិបាលថ្មីស្រុកស្រែអំបិល បានទទួលយកនូវអនុសាសន៍របស់លោកជំទាវអភិបាល និងប្តេជ្ញាចិត្តប្រឹងប្រែងអនុវត្តតាមអ្វី ដែលច្បាប់កំណត់ ក៏ដូចជាគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល។ បន្ថែមលើនេះ លោកបន្តពង្រឹង និងបង្កើនសមត្ថភាពអោយកាន់តែទូលំទូលាយ ដើម្បីអនុវត្តតួនាទីភារកិច្ចអោយបានល្អត្រឹមត្រូវ។

អត្ថបទទាក់ទង