រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុងបានបើកកិច្ចប្រជុំ ស្តីពី ការៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងផ្សព្វផ្សាយការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមមូលដ្ឋាន និងតំបន់ទេសចរ ក្នុងដែនរដ្ឋបាលស្រុកកោះកុង នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង


ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃសៅរ៍ ១១ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលស្រុកកោះកុងបានបើកកិច្ចប្រជុំ ស្តីពី ការៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងផ្សព្វផ្សាយការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមមូលដ្ឋាន និងតំបន់ទេសចរ ក្នុងដែនរដ្ឋបាលស្រុកកោះកុង នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងមានការចូលរួមពីលោកនាយករដ្ឋបាល លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ និងរដ្ឋបាលឃុំទាំង០៤ នៃរដ្ឋបាលស្រុក នៅសាលប្រជុំ សាលាស្រុកកោះកុង។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាល បានជំរុញដល់ក្រុមការងារតាមគោលដៅត្រូវយកចិត្តទុកដាក់ លើការងារសុខសុវត្ថិភាពតាមដងផ្លូវជាតិលេខ៤៨ ដោយធ្វើការសហការគ្នាអោយបានស្អិតល្មួតរវាងក្រុមគោលដៅមួយ ទៅក្រុមគោលដៅមួយទៀត ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា និងបានណែនាំដល់ក្រុមការងារទទួលបន្ទុកការងារបរិស្ថាន ធ្វើការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកោះកុង (ស.ស.យ.ក) ចុះធ្វើការផ្សព្វផ្សាយអប់រំពីការចូលរួម ការងារបរិស្ថាន កាកសំណល់ និងការបោះសំរាមពាសពេញតំបន់ទេសចរ ដែលបណ្តាលអោយប៉ះដល់សោភ័ណ្ឌភាពដ៏ស្រស់ស្អាតនៃតំបន់ទេសចរស្រុកកោះកុង។
ជាពិសេសត្រូវបង្កើនការយកចិត្តទុកលើការទប់ស្កាត់កូវីដ-១៩ នៅក្នុងមូលដ្ឋានរដ្ឋបាលឃុំនីមួយៗ ត្រូវធ្វើការណែនាំដល់អាជីវករដែលមានអាហារដ្ឋាន ផ្ទះសំណាក់ត្រូវមានទឹកអាល់កុល ឬជែលទុកសម្រាប់អោយភ្ញៀវទេសចរបាញ់កំចាត់មេរោគ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង