រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​ បានចាត់ឱ្យ​ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា​​ និងសហការី​ រួមជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកោះកុង បានចុះសួរសុខទុក្ខ​ និងនាំយកថវិកាសម្រាលការលំបាក ចំនួន​ ២០ម៉ឺនរៀល​ ផ្តល់ជូនគ្រួសារប្អូនប្រុស​ លឹម ប៊ុនធាន អាយុ១៥ឆ្នាំ​ ​ រស់នៅភូមិស្មាច់មានជ័យ​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍​(បុកក្របីពេលកំពុងបើកម៉ូតូ)បណ្តាលអោយបាក់ភ្លៅខាងស្តាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង ហើយត្រូវបានក្រុមគ្រូពេទ្យកំពុងរៀបចំបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត។

សាខា កក្រក ខេត្តកោះកុង ៖នៅព្រឹកថ្ងៃព្រហស្បត្តិ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ០៣​ ខែកញ្ញា​ ឆ្នាំ២០២០នេះ​ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​ បានចាត់ឱ្យ​ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា​​ និងសហការី​ រួមជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកោះកុង បានចុះសួរសុខទុក្ខ​ និងនាំយកថវិកាសម្រាលការលំបាក ចំនួន​ ២០ម៉ឺនរៀល​ ផ្តល់ជូនគ្រួសារប្អូនប្រុស​ លឹម ប៊ុនធាន អាយុ១៥ឆ្នាំ​ ​ រស់នៅភូមិស្មាច់មានជ័យ​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍​(បុកក្របីពេលកំពុងបើកម៉ូតូ)បណ្តាលអោយបាក់ភ្លៅខាងស្តាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង ហើយត្រូវបានក្រុមគ្រូពេទ្យកំពុងរៀបចំបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត ។

ក្នុងឱកាសនោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា បានពាំនាំប្រសាសន៍របស់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើក្តីអាណិតអាសូរ​ និងការសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ។ ជាមួយគ្នានេះ លោកនាយក បានផ្តាំផ្ញើ​ និងលើកទឹកចិត្តឱ្យថែទាំសុខភាព​ឱ្យបានល្អ​ រក្សាអនាម័យក្នុងការរស់នៅ​ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង​ ត្រូវខិតខំតស៊ូ​​ទោះជាពិការកាយតែមិនពិការចិត្ត ដើម្បីជីវិតរស់នៅបន្តទៅមុខ​ទៀត​ និងដើម្បីសុភមង្គលក្នុងគ្រួសារ​។ ទន្ទឹមនឹងនេះ​ លោកនាយក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំងឺកូវីដ-១៩​ ជាពិសេសត្រូវចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន​ ដើម្បីសេចក្តីសុខ​ និងសុភមង្គលក្នុងក្រុមគ្រួសារ។

អត្ថបទទាក់ទង